ខេត្តកណ្តាល៖ នារីម្នាក់ត្រូវបានជនសង្ស័យយកកណ្ដៀវគប់មុតដោតជាប់នឹងខ្នងបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈកំពុងជិះម៉ូតូតាមដងផ្លូវនៅពេលយប់ ដោយសារតែក្រុមជនដៃដល់មានការយល់ច្រឡំ។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងកាលពីម៉ោង២២និង២០នាទី នៅចំណុចផ្លូវលំជិតវត្តខន្តី ស្ថិតក្នុងភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ ក្រោយកើតហេតុ កម្លាំងនគរបាលបានបើកការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនដៃដល់ម្នាក់ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះនិងសាច់ញាតិម្នាក់ទៀតបានជិះម៉ូតូឌុបគ្នាទៅហូបបង្អែមនៅឃុំត្រើយស្លា។ លុះពេលហូបរួចជិះម៉ូតូត្រឡប់មកផ្ទះវិញ មកដល់ចំណុចកើតហេតុក៏បានជួបនឹងជនសង្ស័យ២នាក់ដែលកំពុងជិះម៉ូតូដើរស្វែងរកក្មេងៗដែលធ្លាប់ជេរប្រមាថពួកខ្លួន។ ពេលឃើញម៉ូតូជនរងគ្រោះជិះបញ្ច្រាសទិសគ្នា ក្រុមជនសង្ស័យស្មានច្រឡំថាជាក្រុមក្មេងទាំងនោះក៏បានទាញកណ្ដៀវគប់សំដៅបណ្ដាលឲ្យមុតជាប់ខ្នងស្ត្រីរងគ្រោះតែម្ដង រួចជនសង្ស័យនាំគ្នាជិះគេចខ្លួនបាត់ទៅ។ ភ្លាមៗនោះ ជនរងគ្រោះបានជិះម៉ូតូទាំងមានកណ្តៀវជាប់ខ្នងទៅប្រាប់បងប្អូនឱ្យប្ដឹងនគរបាលប៉ុស្តិ៍តាលន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានបញ្ជាក់ថា ប្រតិបត្តិការតាមប្រមាញ់នេះធ្វើឡើងភ្លាមៗ ក្រោយពីមានគណនីហ្វេសប៊ុកឈ្មោះ កុក សុភា បានបង្ហោះវីដេអូបង្ហាញពីរូបភាពកណ្ដៀវមុតជាប់ខ្នងជនរងគ្រោះ ដោយមានការភ្ញាក់ ផ្អើលនិងតក់ស្លុតពីមហាជនទូទៅ។ ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកបានបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យកម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងស្រុកស្អាង និងប៉ុស្តិ៍តាលន់ ចុះស្រាវជ្រាវបន្ទាន់រហូតកំណត់បានមុខសញ្ញា។
សមត្ថកិច្ចបញ្ជាក់ថា នារីរងគ្រោះឈ្មោះ វ៉ាន់ ចាន់សល់ អាយុ២១ឆ្នាំ មុខរបរកសិករ ជាអ្នកជិះពីក្រោយ និងអ្នកឌុបឈ្មោះ រស់ រិទ្ធី ភេទប្រុស អាយុ ២០ឆ្នាំ អ្នកទាំងពីររស់នៅស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកជនដៃដល់ដែលត្រូវឃាត់ខ្លួនឈ្មោះ ថុល កន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានសារធាតុញៀនក្នុងខ្លួន ខណៈបក្ខពួកម្នាក់ទៀតឈ្មោះ វ៉ាន្នី ស៊ី ភេទប្រុស, អាយុ២៦ឆ្នាំ កំពុងរត់គេចខ្លួន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ថុល កន បានឆ្លើយសារភាពថា ខ្លួនពិតជាបានគប់កណ្ដៀវចំខ្នងជនរងគ្រោះប្រាកដមែន ដោយសារតែការយល់ច្រឡំ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ខណៈកម្លាំងជំនាញកំពុងបន្តស្វែងរកចាប់ខ្លួនបក្ខពួកម្នាក់ទៀតដែលកំពុងរត់គេចខ្លួន៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច