ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុកឃឿនផ្លូវបណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់​ ក្រោយពេលជិះម៉ូតូលឿនជ្រុលទៅបុកនឹងឃឿនផ្លូវបណ្ដាលឲ្យម៉ូតូដួលអូសទៅមុខជាច្រើនម៉ែត្រ​ កាលពីវេលាម៉ោង១​ :៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០២៦​ ស្ថិតនៅលើផ្លូវ២១៧​ ក្នុងសង្កាត់ស្ពានថ្មខណ្ឌដង្កោ​ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1LK-5271

ធ្វើដំណើរតាមបណ្ដោយផ្លូវពី ២១៧ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះពេលជិះមកដល់ចំណុចកើតហេតុខាងលើទល់មុខនិង( ផ្សារតាម៉ាប់ព្រែកជ្រៃ)ក៏រ៉េចង្កូតជ្រុលទៅកៀរខឿនបណ្ដាលឲ្យដួលបោកក្បាលផ្ទុបនឹងថ្មធ្វើឲ្យជនរងគ្រោះស្លាប់ភ្លាមៗចំណែកម៉ូតូបានអូសទៅមុខជាច្រើនម៉ែត្រ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនូវអធិការដ្ឋាននគរបាលខណ្ឌដង្កោជាបណ្ដោះអាសន្ន។ចំណែកសព​ សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖