ព័ត៌មានទាន់ហេតុការណ៍៖

សពជនរងគ្រោះមុជទឹកបាញ់ត្រីបាត់ខ្លួននៅស្ពានកោះពស់ ត្រូវបានរកឃើញនៅជិតស្ពានអូរត្រេះ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ កម្លាំងទីបញ្ជាការជួរមុខបានរកឃើញសពជនរងគ្រោះដែលបាត់ខ្លួនពេលមុជទឹកបាញ់ត្រីនៅស្ពានកោះពស់។

នេះបើយោងតាមផេកទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្របានប្រកាសនាព្រឹកថ្ងៃទី២២ ខែកក្កដានេះថា ៖ យោងតាមបទបញ្ជារបស់ឧត្តមនាវីទោ លី ហួត មេបញ្ជាការទីបញ្ជាការជួរមុខ នៅវេលាម៉ោង០៦:៣០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងទីបញ្ជាការជួរមុខចំនួន០៨រូប ដឹកនាំដោយវរនាវីត្រី គួប ពិន មេបញ្ជាការរងកងនាវាអន្តរាគមន៍ បានប្រើប្រាស់មធ្យោបាយអូប័រចំនួន០២គ្រឿង (RIHB លេខ១៣៣ និងអូប័រ៦០សេះ របស់ស្នាក់ការសន្តិសុខកោះតាង) បន្តចេញប្រតិបត្តិការស្វែងរកជនរងគ្រោះឈ្មោះ ផែន សុខហេង ភេទប្រុស អាយុ ៣២ឆ្នាំ ដែលបានចុះមុជទឹកបាញ់ត្រីនៅក្រោមស្ពានកោះពស់ បាត់ខ្លួនកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ។

លុះមកដល់វេលាម៉ោង០៧:៣៥នាទីព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងទីបញ្ជាការជួរមុខបានរកឃើញសាកសពជនរងគ្រោះនៅចំណុចនិយាមកា Lat: 10°33’18″N, Long: 103°33’21″E ស្ថិតនៅជិតស្ពានអូរត្រេះ ។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនសមត្ថកិច្ចនិងមន្ត្រីជំនាញ ព្រមទាំងក្រុមគ្រូពេទ្យត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ មុននឹងប្រគល់ជូនក្រុមគ្រួសារ និងសាច់ញាតិយកទៅរៀបចំធ្វើពិធីបុណ្យតាមប្រពៃណី ៕


ចែករំលែក៖