ខេត្តកំពត៖ ជនសង្ស័យ ចំនួន០៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពត បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ វិធានការតាមនីតិវិធីនារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៦នេះ ដោយក្នុងចំណោមជនសង្ស័យទាំង០៤ នាក់ មាន០៣នាក់ ជាអ្នកធ្វើសកម្មភាពលួចម៉ូតូ រីឯ ០១នាក់ជាអ្នកទទួលផលចោលកម្ម ។
យោងតាមប្រភពព័ត៌មានពីការិយាល័យព្រហ្មទណ្ឌនៃស្នងការនគរបាលខេតកំពតឲ្យដឹងថា តាមពាក្យបណ្ដឹងពីជនរងគ្រោះចំនួន ០៤ ស្រុក កន្លងទៅនាពេលថ្មីៗនេះថាមានក្រុមចោរធ្វើសកម្មភាពលួចម៉ូតូនៅក្នុងស្រុកទាំង០៤ក្នុងខេត្តកំពត។
ក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ក្រោមការចង្អុលបញ្ជាពីលោក ឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការខេត្តកំពត និងក្រោមការដឹកនាំបញ្ជាកម្លាំងផ្ទាល់របស់ លោក ឧត្តមសេនីយ៍ត្រីលក់ ញ៉ាវ ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៦ វេលាម៉ោង ១៤:៣០ នាទីបានដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកឈូកចុះស្រាវជ្រាវមុខសញ្ញា និងធ្វើការឃាត់ខ្លួនមុខសញ្ញាលួចម៉ូតូបានចំនួន ០៣ នាក់ ។ ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនទាំង០៣នាក់ខាងលើមាន÷
១- ឈ្មោះ មួ បញ្ញាដាវី ភេទប្រុសអាយុ២៩ឆ្នាំ (មេក្លោង) នៅភូមិតូច ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។
២- ឈ្មោះ នូ វុធ ភេទប្រុស អាយុ ២៩ឆ្នាំនៅភូមិល្វេ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ។
៣- ឈ្មោះ ចាន់ ណារ៉ូ ភេទប្រុសអាយុ២៩ ឆ្នាំ នៅភូមិល្វេឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។
ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង០៣ខាងលើ យកទៅសាកសួរជនសង្ស័យទាំង០៣នាក់បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូបានសម្រេចចំនួន ០៥ លើកក្នុងនោះមាន÷ស្រុកឈូកចំនួន ០២ លើក,ស្រុកដងទង់ចំនួន ០១ លើក, ស្រុកបន្ទាយមាសចំនួន ០១ លើកនិងស្រុកទឹកឈូចំនួន ០១ លើក។
ជនសង្ស័យបានឆ្លេីយសារភាពបន្តទៀតថា ម៉ូតូដែលលួចបានទាំង ០៥ គ្រឿងនេះ ពួកគេបានយកទៅលក់ឲ្យ ឈ្មោះ នូ វុទ្ធី ភេទប្រុសអាយុ ៥១ឆ្នាំ នៅភូមិបឹង ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។
ប្រភពពីសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌបានឲ្យដឹងបន្តទៀតថា តាមរយៈចម្លើយសារភាពរបស់ជនសង្ស័យនិងដោយមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត កម្លាំងសមត្ថកិច្ចបានបន្តនាំខ្លួន ឈ្មោះ នូ វុទ្ធី (អ្នកទទួលផលចោរកម្ម) មកធ្វើការសាកសួរ។ ឈ្មោះនូ វុទ្ធី នេះបានសារភាពថា រូបគេពិតជាបានទិញម៉ូតូពីជនសង្ស័យចំនួន ០៥ គ្រឿង ពិតប្រាកដមែន។
សមត្ថកិច្ចបានបន្តថាក្នុងប្រតិបត្តិការខាងលើនេះកម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូ ពីទីតាំងរបស់ ឈ្មោះ នូ វុទ្ធី បានចំនួន០៣ គ្រឿងនឹងធ្វើការប្រគល់ជូនជនរងគ្រោះជាម្ចាស់ម៉ូតូវិញហេីយ ។ រីឯ០២គ្រឿងទៀត ឈ្មោះ នូ វុទ្ធី បានលក់បន្តទៅឲ្យអ្នកផ្សេងបាត់ហេីយ ដែលសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តរកអ្នកដែលទិញម៉ូតូ ពី ឈ្មោះ នូ វុទ្ធី ខាងលើ០២គ្រឿងទៀត ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៤នាក់ សមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធី នៅរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច