ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ការផ្សព្វផ្សាយ និងការបើកទីផ្សារការងារក្រៅប្រទេសរបស់រាជរដ្ឋាភិបាល គឺធ្វើឡើងដើម្បីផ្តល់ជម្រើសបន្ថែមជូនប្រជាពលរដ្ឋ ក្នុងការសម្រេចចិត្តធ្វើការក្នុងស្រុក ឬចេញទៅធ្វើការនៅក្រៅប្រទេសដែលទទួលបានប្រាក់ឈ្នួលខ្ពស់ជាង។
លោក ហេង សួរ បានថ្លែងបែបក្នុងឱកាសអញ្ជើញធ្វើជាវាគ្មិនកិត្ដិយសបង្ហាញពី «យុទ្ធសាស្ត្រជំរុញទីផ្សារការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ការងារខ្មែរនៅក្រៅប្រទេស» នៅវិទ្យាស្ថានជាតិកម្ពុជា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។
នាឱកាសនោះផងដែរ លោក ហេង សួរ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងផ្តោតលើការបង្វែរ (Redirect) ទិសដៅការងាររបស់ពលករខ្មែរ ពីប្រទេសដែលមានប្រាក់ខែតិច ទៅកាន់ប្រទេសដែលមានប្រាក់ខែខ្ពស់ជាង ហើយប្រសិនបើពលរដ្ឋខ្មែរប្រមាណ ១លាននាក់ដែលធ្វើការនៅក្រៅប្រទេសដដែល ប៉ុន្តែផ្លាស់ប្តូរទិសដៅពីការធ្វើការនៅប្រទេសថៃ ទៅកាន់ប្រទេសផ្សេងទៀតដែលមានប្រាក់ខែខ្ពស់នោះ ថវិកាដែលហូរចូលមកក្នុងប្រទេសវិញនឹងមានទំហំច្រើនជាងមុន។
បន្ថែមលើនេះ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលមិនបង្ខំប្រជាពលរដ្ឋឱ្យទៅធ្វើការនៅក្រៅប្រទេសនោះទេ។ ប៉ុន្តែការបើកទីផ្សារការងារឱ្យកាន់តែទូលំទូលាយ គឺដើម្បីផ្តល់ជម្រើសការងារដែលមានប្រាក់ខែខ្ពស់ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចចាប់យកទាំងជំនាញ បទពិសោធន៍ និងប្រាក់សន្សំ ដើម្បីត្រឡប់មកបង្កើតមុខរបរ ឬធ្វើជាម្ចាស់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅក្នុងប្រទេសវិញ៕
ដោយ ៖ សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច