ខេត្តស្វាយរៀង:គណបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង បង្ក្រាបទីតាំងអគារជួលដែលសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) សមត្ថកិច្ចបានរកឃើញជនជាតិវៀតណាមចំនួន ១៦នាក់ ក្នុងនោះមានស្រីចំនួន ០១នាក់។
សមត្ថកិច្ចនគរបាលបានអោយដឹងថា នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ែន ចាន់រ៉ា អភិបាល នៃគណៈអភិបាលក្រុងបាវិត បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ដោយមានការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ធ្វើការចុះត្រួតពិនិត្យរដ្ឋបាលចំហរ និងបង្រ្កាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត។
ក្នុងនោះ មានការចូលរួមពី លោកអភិបាលរងក្រុង លោកនាយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា លោកអធិការរងក្រុង លោកមេបញ្ជាការរងមូលដ្ឋាន អ.ហ ក្រុង លោកនាយករងរដ្ឋបាលក្រុង និងមេភូមិបាវិតកណ្ដាល។
សមត្ថកិច្ចបញ្ជាក់ទៀតថា ជាលទ្ធផល ក្រុមការងារបានចុះត្រួតពិនិត្យរដ្ឋបាលចំហនៅទីតាំងចំនួន ០៣កន្លែង ដោយបានពិនិត្យរកឃើញជនជាតិបង់ក្លាដេស ចំនួន ០១នាក់ (ប្រុស) មានលិខិតឆ្លងដែន និងទិដ្ឋាការដែលមានសុពលភាពត្រឹមត្រូវតាមច្បាប់។
ដោយឡែក នៅក្នុងប្រតិបត្តិការបង្ក្រាបទីតាំងអគារជួលដែលសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ស្ថិតនៅក្នុងផ្សាររាត្រី១ ត្រង់ចំណុចបន្ទប់ M314A និង M314B សមត្ថកិច្ចបានរកឃើញជនជាតិវៀតណាមចំនួន ១៦នាក់ ក្នុងនោះមានស្រីចំនួន ០១នាក់ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួន រួមមាន កុំព្យូទ័រយួរដៃ ទូរសព្ទដៃ និងសម្ភារៈមួយចំនួនផ្សេងទៀត។
បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីធ្វើការសាកសួរ និងបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់។ ជាមួយគ្នានេះដែរ ក្រុមការងារចម្រុះបានសម្រេចបិទបន្ទប់ទាំង ២ ខាងលើជាបណ្ដោះអាសន្ន ដើម្បីបន្តចំណាត់ការតាមផ្លូវច្បាប់។

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច