ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យ និងរៀបចំផែនការអភិវឌ្ឍន៍តំបន់ទេសចរណ៍ភ្នំអណ្តូងស្នេហ៍ ! 

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ លោក គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យ និងរៀបចំផែនការអភិវឌ្ឍន៍តំបន់ទេសចរណ៍ភ្នំអណ្តូងស្នេហ៍ ។

សូមជម្រាបថា ៖ នារសៀលថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះ លោក គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោកនាយករដ្ឋបាលខេត្ត លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកអូររាំង បានអញ្ជើញចុះពិនិត្យ និងរៀបចំផែនការអភិវឌ្ឍន៍តំបន់ទេសចរណ៍ភ្នំអណ្តូងស្នេហ៍ (ផ្លូវអក្សរ S) ជាកន្លែងដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ។

សូមញ្ជាក់ថា ៖ ខេត្តមណ្ឌលគិរី គឺជាខេត្តមួយស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលសម្បូរដោយព្រៃភ្នំ និងជនជាតិដើមភាគតិច ព្រមទាំងតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏សម្បូរបែប ដែលទទួលបានកំណើនភ្ញៀវទេសចរកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ហើយអ្វីដែលកាន់តែពិសេសនៅក្នុងខេត្តនេះ គឺមានអាកាសធាតុល្អ និងផ្លូវស្អាតៗ អមដោយព្រៃឈើដែលអមសងខាងផ្លូវ គួរជាទីទាក់ទាញសម្រាប់អ្នកធ្វើដំណើរ។

ខិតប័ណ្ណវិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី បែងចែកជា ៥៖

១. តំបន់សក្តានុពលទេសចរណ៍ រួមមាន តំបន់ទេសចរណ៍វប្បធម៍-ប្រវត្តិសាស្ត្រ តំបន់រមណីយដ្ឋានធម្មជាតិ-អេកូទេសចរណ៍រមណីយដ្ឋានកែច្នៃ និងតំបន់ជម្រកសត្វព្រៃ។

២. ភ្ញៀវទេសចរក្នុងខេត្ត រួមមាន ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស។

៣. ការងារគ្រប់គ្រងឧស្សហកម្មទេសចរណ៍ ដូចជា រីស៊ត សណ្ឋាគារ ម៉ូតែល បឹងហ្គាឡូ ផ្ទះសំណាក់ ភោជនីយដ្ឋាន រមណីយដ្ឋាន មជ្ឈមណ្ឌលកំសាន្ត ក្លឹបកំសាន្ត កន្លែងស្ទីមសូណា និងម៉ាស្សា ។

៤. ការងារអប់រំបណ្តុះបណ្តាល ជំនាញការបដិសណ្ឋារកិច្ចក្នុងវិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី។

៥. ការងារព័ត៌មានទេសចរណ៍ និងផ្សព្វផ្សាយ រួមមាន បោះពុម្ពផែនទីទេសចរណ៍ខេត្តមណ្ឌលគិរី សៀវភៅកម្រងបញ្ជីរមណីយដ្ឋានក្នុងខេត្ត លើកស្លាកសញ្ញាបង្ហាញទិសដៅទេសចរណ៍នៅតាមតំបន់រមណីយដ្ឋាន និងផ្សព្វផ្សាយវីដេអូទេសចរណ៍ក្នុងខេត្តលើទំព័រហ្វេសប៊ុក ៕

ដោយ ៖ សិលា


ចែករំលែក៖