ខេត្តកំពត ៖ មន្ត្រីអាវុធហត្ថខេត្តកំពតបានឲ្យដឹងនៅថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២៦នេះថា កាលពីវេលាម៉ោង១៩:១០នាទី យប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ មានករណីលួចដោយហិង្សា បង្កឡើងដោយជនសង្ស័យមួយក្រុមបានធ្វើ សកម្មភាពជិះម៉ូតូ ដេញកាប់ទៅលើជនរងគ្រោះ ដើម្បីប្លន់យកម៉ូតូ នៅចំណុច ភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត។
ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត កម្លាំងការិយាល័យព្រហ្មទណ្ឌ នៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឈូក ដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង ទទួលជំនាញ ចុះធ្វើការស្រាវជ្រាវ និងស៉ើបអង្កេត ។ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត ព្រមទាំង ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលា ដំបូងខេត្តព្រះសីហនុ នៅវេលាម៉ោង១៥:៣០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបទល្មើសកងរាជអាវុធហត្ថខេត្តកំពត និងកម្លាំងមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានសហការគ្នាឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ នៅចំណុចភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៖
១/ឈ្មោះ ផល វិច្ឆិកា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករកាប់ជ្រូក មានទីលំនៅភូមិដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត និង២/ឈ្មោះ ប្រាក់ សៅ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងជួស ជុលរថយន្ត មានទីលំនៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត។
ក្រោយស្ដាប់តាមចម្លើយជនសង្ស័យខាងលើ លុះវេលាម៉ោង១៦:២០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ បានបន្តឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ទៀត៖ ៣.ឈ្មោះ ផន សារិន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករលើអីវ៉ាន់ មានទីលំនៅភូមិដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។
+វត្ថុតាងចាប់យករួមមាន ៖ ម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅផលិតឆ្នាំ២០០៦គ្មានផ្លាកលេខ(របស់ជនរងគ្រោះ) ចំនួន ១គ្រឿង និងទូរសព្ទម៉ាកអាយហ្វូនចំនួន ២គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានប្រគល់មកការិយាល័យជំនាញ មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត អនុវត្តតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច