ព័ត៌មានទាន់ហេតុការណ៍៖

ចំណងមិត្តភាពជិតស្និទ្ធ និងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងកម្ពុជា និងឥណ្ឌូនេស៊ី

ចែករំលែក៖

ឥណ្ឌូនេស៊ី ៖ ដំណើរទស្សនកិច្ចការងារនៅសាធារណរដ្ឋឥណ្ឌូនេស៊ី ស្របពេលខួបលើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូនេស៊ី បានឆ្លុះបញ្ចាំងពីចំណងមិត្តភាពជិតស្និទ្ធ និងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងកម្ពុជា និងឥណ្ឌូនេស៊ី។ នេះជាការលើកឡើងពីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។

លោកឧបនាយករដ្ឋមន្ត្រី បន្តថា ៖ ក្នុងឱកាសនេះ ជំនួបសំខាន់ៗ រួមមាន ជំនួបទ្វេភាគីជាមួយ លោកស្រី រីនី វីឌីយ៉ាន់ទីនី រដ្ឋមន្ត្រីក្រសួងកែទម្រង់រដ្ឋបាល និងការិយាធិបតេយ្យ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យមុខងារសាធារណៈ; ជំនួបសម្តែងការគួរសមជាមួយ លោក ហ្គីប្រាន់ រ៉ាកាប៊ូមិង រ៉ាកា អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ព្រមទាំងជាមួយ លោកស្រី មេហ្កាវ៉ាទី ស៊ូការណូពុទ្រី ប្រធានគណៈកម្មាធិការដឹកនាំនៃភ្នាក់ងារអភិវឌ្ឍន៍មនោគមវិជ្ជាបាញ់ចាស៊ីឡា; និងការផ្លាស់ប្តូរយោបល់លើការងារយុវជន និងកីឡា ជាមួយ លោក Erick Thohir រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា។

លោកឧបនាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណដល់សាធារណរដ្ឋឥណ្ឌូនេស៊ី ក្នុងក្របខណ្ឌអាស៊ាន ដែលបានផ្តល់បរិយាកាសអំណោយផល ក្នុងការឈានទៅសម្រេចបាននូវបទឈប់បាញ់រវាងកម្ពុជា និងថៃ នាថ្ងៃទី២៨ ខែកក្កដា និងថ្ងៃទី២៩ ខែធ្នូ ព្រមទាំងស្នើឱ្យឥណ្ឌូនេស៊ីបន្តគាំទ្រជំរុញការអនុវត្តបទឈប់បាញ់នេះ។

ក្រៅពីជំនួបផ្លូវការ គណៈប្រតិភូក៏បានបំពេញទស្សនកិច្ចនៅក្រុមហ៊ុន Indofood និង Japfa Comfeed ដើម្បីស្វែងយល់អំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសទាំងពីរ ព្រមទាំងឱកាសវិនិយោគ និងការពង្រីកទីផ្សារនៅកម្ពុជាផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖