ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌសែនសុខ៖ ការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន 4 នាក់ករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់

ចែករំលែក៖

ភ្នំពេញ៖ ដោយទទួលបានបទបញ្ជាពីឯកឧត្តមឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ និង វរសេនីយ៍ទោ គួច សុភា អធិការរងបានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌ សែនសុខ ធ្វេីការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យ៤នាក់

ករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ ។

សមត្ថកិច្ចនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា កាលពីថ្ងៃទី 26 ខែកក្កដា ឆ្នាំ 2026 ក្រុមជនសង្ស័យបានចាប់ជនរងគ្រោះយកខ្សែជ័រចងដៃជើងនិងប្រើប្រាស់អាវុធខ្លីភ្ជង់ទារប្រាក់ចំនួន 1 លានដុល្លារ និងប្រើហិង្សាធ្វើទារុណកម្ម បណ្ដាលឱ្យជនរងគ្រោះរងរបួស នៅចំណុចផ្ទះលេខ 8 ផ្លូវបេតុងបុរីវ៉ារីណា ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ ក្រោយពីទទួលបានព័ត៌មានភ្លាមលោកវរសេនីយ៍ឯក ហួរ

ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានដឹកនាំកម្លាំងចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យនៅចំណុចខាងលើតែម្តង។

ក្នុងនោះសមត្ថកិច្ចបានចាប់យកវត្ថុតាងមួយចំនួននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ សីហា សែនសុខ


ចែករំលែក៖