ភ្នំពេញ៖ ឆ្នាំនេះគឺជាខួបអនុស្សាវរីយ៍លើកទី ១០៥ នៃការបង្កើតគណបក្សកុម្មុយនិស្តចិន និងជាខួបអនុស្សាវរីយ៍លើកទី ៧៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា។ ការប្រារព្ធពិធីអបអរសាទរសម្រាប់ខួបអនុស្សាវរីយ៍បង្កើតគណបក្សទាំងពីរនេះ គឺជា ឱកាសសម្រាប់ចិននិងកម្ពុជា ក្នុងការពង្រឹងផ្លាស់ប្តូរវិស័យអភិបាលកិច្ច និងពង្រីកសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ។
ក្នុងរយៈពេលជាង ១០០ ឆ្នាំកន្លងមកនេះ គណបក្សកុម្មុយនិស្តចិនពីសមាជិកដំបូងចំនួនមានតែជាង ៥០ នាក់ វិវឌ្ឍន៍ខ្លួនទៅជាគណបក្សកាន់អំណាចធំជាងគេបំផុតលើពិភពលោក ដែលមានសមាជិកជាង ១០០ លាននាក់ និងមានឥទ្ធិពលយ៉ាងសំខាន់នៅលើពិភពលោក បានត្រួសត្រាយផ្លូវនិងដើរលើមាគ៌ាសង្គមនិយមបែបចិនយ៉ាងជោគជ័យ ដឹកនាំប្រជាជាតិចិនឱ្យ សម្រេចបាននូវជំហានដ៏មហិមាដោយចាប់ពីការក្រោកឈរឡើង រហូតដល់វិបុលភាពនិងរឹងមាំ បង្កើតបានជាអច្ឆរិយៈពីរធំៗគឺ ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងស្ថិរភាពសង្គមក្នុងរយៈពេលវែង។
តើគណបក្សដែលមានអាយុកាលជាង ១០០ ឆ្នាំអាចរក្សាបានភាពអស្ចារ្យនេះដោយរបៀបណា? ឯកឧត្តម អគ្គលេខាធិការបក្ស ស៊ី ជីនពីង បានបង្ហាញយ៉ាងស៊ីជម្រៅអំពីអាថ៌កំបាំងដ៏សំខាន់៖ ការប្ដេជ្ញាចិត្តស្វែងរកសច្ចភាព តែងរក្សាទិសដៅត្រឹមត្រូវ ចាក់ឫសគល់យ៉ាងជ្រៅជាមួយប្រជាជន តែងមានមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្លាហានក្នុងបេសកកម្មជាប្រវត្តិសាស្ត្រ តែងរក្សាគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រ សម្របខ្លួនទៅនឹងនិន្នាការអភិវឌ្ឍន៍ តែងឈរនៅជួរមុខនៃសម័យកាល ក្លាហានប៉ិនប្រសប់តស៊ូ តែងរក្សាទំនុកចិត្តលើជ័យជម្នះ និងផ្តោតលើការពង្រឹងខ្លួនឯង តែងពោរពេញដោយភាពរស់រវើក។ ខ្ញុំចង់ចែករំលែកការយល់ឃើញចំនួនបីជាមួយមិត្តភក្តិកម្ពុជា។
១- តែងប្រកាន់ខ្ជាប់នូវការបម្រើប្រជាជនយ៉ាងមុតមាំ។ អស់រយៈពេល ១០៥ ឆ្នាំមកហើយ ការប្ដេជ្ញាចិត្តដំបូងរបស់គណបក្សកុម្មុយនិស្តចិនក្នុងការស្វែងរកសុភមង្គលសម្រាប់ប្រជាជនចិននិងការស្ដារឡើងវិញប្រជាជាតិចិន នៅតែមិនផ្លាស់ប្តូរ។ ការផ្តួចផ្តើមនយោបាយ ដោយចាប់ពី “វាយម្ចាស់ដីធំ ចែកដីធ្លី” ក្នុងអំឡុងពេលបដិវត្តន៍ដីធ្លី រហូតដល់ជម្រើសជាយុទ្ធសាស្ត្រ “អនុញ្ញាតឱ្យមនុស្សមួយចំនួនក្លាយជាអ្នកមានទ្រព្យសម្បត្តិច្រើនមុនគេ ដើម្បីឈានទៅរកភាពសម្បូរបែបរួមគ្នានៅទីបំផុត”ក្នុងអំឡុងពេលកំណែទម្រង់បើកចំហរ និងរហូតដល់ពាក្យសន្យាយ៉ាងម៉ឺងម៉ាត់នៃ”ការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ មិនទុកនរណាម្នាក់ចោល”នៅក្នុងយុគសម័យថ្មី ការឆ្លងកាត់ទាំងអស់នេះ គឺការប្តេជ្ញាចិត្តដ៏រឹងមាំរបស់គណបក្សកុម្មុយនិស្តចិនចំពោះប្រជាជន។
នៅក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ គណបក្សកុម្មុយនិស្តចិនបានបញ្ជូនលេខាធិការទីមួយនិងកម្មាភិបាលភូមិជាង ៣ លាននាក់ទៅកាន់ជួរមុខនៃការកាត់បន្ថយភាពក្រីក្រ ហើយសមាជិកនិងកម្មាភិបាលបក្សជាង ១៨០០ នាក់បានលះបង់អាយុជីវិតដ៏មានតម្លៃរបស់ពួកគេ ដើម្បីបុព្វហេតុនៃការកាត់បន្ថយភាពក្រីក្រ ដែលបង្ហាញយ៉ាងច្បាស់អំពីក្តីប្រាថ្នានិងបេសកកម្មដើមរបស់គណបក្សកុម្មុយនិស្តចិនក្នុងការបម្រើប្រជាជន។
២- តែងប្រកាន់ខ្ជាប់ស្របជាមួយនិន្នាការនៃសម័យកាល។ គណបក្សកុម្មុយនិស្តចិនបានរួមបញ្ចូលគ្នានូវគោលការណ៍ជាមូលដ្ឋាននៃលទ្ធិម៉ាក្សជាមួយនឹងការពិតជាក់លាក់របស់ចិន និងវប្បធម៌ប្រពៃណីដ៏ល្អឥតខ្ចោះរបស់ចិន ដោយធ្វើការជ្រើសរើសត្រឹមត្រូវស្របតាមទិសដៅនៃសម័យកាលនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ។
ចាប់ពីការជំរុញកំណែទម្រង់បើកចំហរធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធសេដ្ឋកិច្ចពិភពលោក រហូតដល់ការផ្តួចផ្តើមកសាងសហគមន៍វាសនារួមរបស់មនុស្សជាតិ ចាប់ពីការផ្តួចផ្តើមគោលគំនិត”ពិភពលោកទាំងបី”រហូតដល់ការផ្តួចផ្តើមគំនិតធំៗចំនួនបួនលើសកលលោក ចាប់ពីការកសាងផ្លូវដែកតង់ហ្សានី-ហ្សំប៊ី រហូតដល់ការកសាងរួមគ្នានូវ”ខ្សែក្រវាត់និងផ្លូវ” គណបក្សកុម្មុយនិស្តចិនតែងឈរនៅភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រ និងវឌ្ឍនភាពរបស់មនុស្សជាតិ ដោយប្រកាន់ភ្ជាប់នូវសន្តិភាព អភិវឌ្ឍ កិច្ចសហប្រតិបត្តិការ និងជោគជ័យរួម ដឹកនាំតាមនិន្នាការនៃសម័យកាលដោយការអភិវឌ្ឍខ្លួនឯង និងផ្តល់ផលប្រយោជន៍កិច្ចសហប្រតិបត្តិការ និងបង្កើតអត្ថប្រយោជន៍ដល់ប្រជាជនពីបណ្ដាប្រទេស។
៣- តែងប្រកាន់ខ្ជាប់នូវការធ្វើបដិវត្តន៍ខ្លួនឯង។ ក្លាហានក្នុងការរិះគន់ខ្លួនឯង និងកែតម្រូវបញ្ហាផ្ទៃក្នុង គឺជាលក្ខណៈល្អប្លែករបស់គណបក្សកុម្មុយនិស្តចិន។ ចាប់ពី “ការអនុញ្ញាតឱ្យប្រជាជនឃ្លាំមើល រដ្ឋាភិបាល” រហូតដល់ “បដិវត្តន៍ខ្លួនឯង” ចាប់ពីការបង្កើតបទបញ្ជា៨ចំណុចរហូតដល់យុទ្ធនាការបង្ក្រាបអំពើពុករលួយយ៉ាងខ្លាំងក្លា រហូតដល់កែតម្រូវជាបន្តបន្ទាប់នៃទម្រង់និយមនិងការិយាធិបតេយ្យ អ្វីដែលដំណើរការទាំងស្រុងគឺការតាំងចិត្តយ៉ាងមុតមាំរបស់គណបក្សកុម្មុយនិស្តចិន និងវិធានការប្រកបដោយប្រសិទ្ធភាពក្នុងការកែតម្រូវអាកប្បកិរិយា ការអនុវត្តវិន័យ និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
តាមការស្ទង់មតិរបស់សាកលវិទ្យាល័យហាវ៉ាដបង្ហាញថា ការពេញចិត្តរបស់ប្រជាជនចិនចំពោះរដ្ឋាភិបាលមជ្ឈិមលើសពី ៩៣%។ ទំនុកចិត្តនេះបានមកពីភាពច្បាស់លាស់ និងការតាំងចិត្តរបស់គណបក្សដែលមានអាយុកាលជាង ១០០ ឆ្នាំក្នុងការបដិវត្តន៍ខ្លួនឯង។
យើងខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានឃើញថា ក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រជាជនកម្ពុជាឱ្យសម្រេចបាននូវការផ្សះផ្សាជាតិ និងភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ដោយបានបង្កើតមាគ៌ាអភិវឌ្ឍន៍ដែលសមស្របទៅនឹងលក្ខខណ្ឌជាតិរបស់ខ្លួន។ ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សេដ្ឋកិច្ចកម្ពុជាបានរីកចម្រើនយ៉ាងឆាប់រហ័ស ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អឱ្យប្រសើរឡើង ត្រៀមនឹងចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចបំផុត។ នេះគឺជាសមិទ្ធផលប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយ ដែលមិត្តភក្តិកម្ពុជាទាំងអស់គួរតែមានមោទនភាព។ ក្នុងនាមជាមិត្តភក្តិដែកថែប យើងខ្ញុំមានការរីករាយជាខ្លាំងចំពោះសមិទ្ធផលមួយនេះ។
គណបក្សកុម្មុយនិស្តចិន និងគណបក្សប្រជាជនកម្ពុជា តែងប្រកាន់ខ្ជាប់នូវទំនាក់ទំនងចំណងមិត្តភាពដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក។ យើងទាំងពីរសុទ្ធតែយកប្រជាជនជាធំ គណបក្សកុម្មុយនិស្តចិនប្តេជ្ញាចិត្តបម្រើប្រជាជនដោយស្មោះអស់ពីចិត្ត ហើយសម្តេចតេជោ ហ៊ុន សែន តែងក្រើនរម្លឹកឱ្យមន្ត្រីបម្រើប្រជាជនឱ្យបានល្អក្រោមអភិក្រម”មន្ត្រីមិនមែនជាចៅហ្វាយទេ តែជាអ្នកបម្រើប្រជាពលរដ្ឋ”។
យើងទាំងពីរគាំទ្រការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ គណបក្សកុម្មុយនិស្តចិនខិតខំ”វាយទាំងខ្លា វាយទាំងរុយ” គណបក្សប្រជាជនកម្ពុជាសង្កត់ធ្ងន់លើ”ការចាប់ទាំងត្រីធំនិងត្រីតូច”។ យើងទាំងពីរគាំទ្រឯករាជ្យភាពនិងការពឹងផ្អែកលើខ្លួនឯង ដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលសមស្របទៅនឹងលក្ខខណ្ឌជាតិរបស់យើង ដោយដឹងច្បាស់ថាមិនមានគំរូណាមួយដែលអាចអនុវត្តបានជាសកលនៅក្នុងពិភពលោកទេ។ នេះគឺជាទ្រឹស្តីនិងការស្វែងរករួមគ្នា ដែលឱ្យគណបក្សរបស់យើងទាំងពីរទោះជាស្ថិតនៅក្នុងភាពខុសគ្នាក្នុងការឆ្លងលក្ខខណ្ឌជាតិនិងសង្គម ដែលបានក្លាយជាមិត្តភក្តិល្អដ៏គួរឱ្យទុកចិត្ត។
ថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិនដោយជោគជ័យ សម្ដេច និងថ្នាក់ដឹកនាំប្រទេសចិនបានកំណត់កុងសុងស៊ីសថ្មីៗជាច្រើន មានដូចជាការពង្រឹងផ្លាស់ប្តូររវាងបក្សនិងបក្ស ការពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយ ការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍។ គណបក្សទាំងពីរក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាថ្មី។
ភាគីចិនរីករាយក្នុងការសហការជាមួយភាគីកម្ពុជា ដោយយកដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ ជាឱកាស ដើម្បីពង្រឹងការផ្លាស់ប្តូររវាងបក្សនិងបក្សបន្ថែមទៀត ជំរុញទំនាក់ទំនងប្រទេសទាំងពីរឱ្យមានកម្លាំងរស់រវើកថ្មីបន្ថែមទៀត បញ្ចូលកម្លាំងចលករថ្មីនិងរឹងមាំទៅក្នុងការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជាគ្រប់រដូវកាលនៅក្នុងយុគសម័យថ្មី។
ខ្ញុំជឿជាក់យ៉ាងមុតមាំថា ដរាបណាប្រទេសចិននិងកម្ពុជានៅតែមានបេះដូងរួមគ្នា បន្តប្រកៀកស្មារគ្នាឆ្ពោះទៅមុខ យើងប្រាកដជានឹងសម្រេចបាននូវសមិទ្ធផលផ្លែផ្ការួមគ្នា និងសម្រេចក្តីសុបិន្តរួមរបស់យើងនៅលើដំណើរឆ្ពោះទៅរកការស្ដារឡើងវិញនៃប្រជាជាតិ។ ចំណងមិត្តភាពដែកថែបរវាងចិននិងកម្ពុជា ពិតជានឹងរឹងមាំយូរអង្វែងដូចរូបចម្លាក់ប្រាសាទអង្គរវត្ត ការហូរមិនចេះរីងស្ងួតដូចទឹកទន្លេឡានឆាង-មេគង្គ៕

អត្ថបទដោយ៖លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច