ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលក្រុងសិរីសោភ័ណ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ករណីលួចកាត់ខ្សែភ្លើងតាមផ្លូវ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ÷ដោយអនុវត្ត​តាម​បទ​បញ្ជា​យ៉ាង​មុឺងម៉ាត់ ​របស់​លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ស្នងការ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ​​នៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង២៣ និង៤០នាទី កម្លាំងនគរបាលក្រុងសិរីសោភ័ណ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក សុី ឌី អធិការ នគរបាលក្រុងសិរីសោភ័ណ បានទទួលបណ្តឹងពីប្រជាពលរដ្ឋ មានករណីលួចកាត់ខ្សែភ្លើង១កើតឡើង នៅចំនុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បង្កដោយជនសង្ស័យចំនួន ៣នាក់

 ១.ឈ្មោះសាមិត្ត សុផល ភេទប្រុស អាយុ១៩ឆ្នាំ ២.ឈ្មោះទិត្យ រស្មី ភេទប្រុស អាយុ២១ឆ្នាំ ៣.ឈ្មោះចុង ជីមិញ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិបួន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បាននាំគ្នាជិះម៉ូតូ១គ្រឿង ម៉ាកវេវពណ៌ស លាយប្រផេះ ទៅលួចកាត់ខ្សែរភ្លើង ១កន្លែងនៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ លួចកាត់បានខ្សែរភ្លើងចំនួន ៤ខ្សែរ។

 ក្រោយធ្វើសកម្មភាពលួចកាត់ខ្សែរភ្លើងបានហើយ ពួក គេទាំង ៣នាក់នាំគ្នាជិះម៉ូតូទៅផ្លូវក្រោមក្នុងភូមិដីឡូតិ៍ (កន្លែងស្ងាត់) ដើម្បីបកសំបកខ្សែរភ្លើងខាងក្រៅចេញ។ នៅពេលដែលបកសំបកខ្សែរភ្លើងរួច ជន សង្ស័យទាំង ៣នាក់បាននាំគ្នាជិះម៉ូតូឡើងមកផ្លូវធំវិញ ជួបសមត្ថកិច្ចយើង កំពុងជិះម៉ូតូល្បាត ហើយស្រែកអោយពួកវាឈប់ម៉ូតូ តែជនសង្ស័យនាំគ្នាជិះរត់រហូតដល់ផ្សារពង្រត្រូវសមត្ថកិច្ចយើងជិះម៉ូតូដេញតាមទាន់ ឃាត់បាន រួចនាំមកអធិការដ្ឋានដើម្បីសាកសួរ។ 

ក្នុងពេលសាកសួរជនសង្ស័យទាំង ៣នាក់ខាងលើ បានឆ្លើយសារភាពថា:ពួកគេពិតជាបានលួចកាត់ខ្សែរភ្លើងពិតប្រាកដមែន។ មុខសញ្ញានេះធ្លាប់លួចកាត់ខ្សែរភ្លើងចំនួន ៥លើកមកហើយ។ ដកហូតបានវត្ថុតាងមាន៖

  -កូនសោរចំនួន ៣

  -កន្ត្រៃចំនួន ១ និងខ្សែរភ្លើងមួយចំនួន។

សមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)។ 

បច្ចុបន្បន្នជនសង្ស័យបានបញ្ចូនទៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវីធីទៅតុលាការ៕


ចែករំលែក៖