ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ពាក់ព័នករណីគ្រឿងញៀន ទៅសាលាដំបូង

ចែករំលែក៖

   ខេត្តបន្ទាយមានជ័យៈជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២៦ ម្សិលមិញនេះ ដើម្បីអនុវត្តតាមនីតិវិធី។

 នៅវេលាម៉ោង១៣និង០០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលសេចក្ដីរាយការណ៍របស់ជនរងគ្រោះឈ្មោះ ផា ម៉ៅ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ថាមានករណីលួចកាត់ខ្សែភ្លើង ដែលប្រព្រឹត្តនៅពីវេលាម៉ោង០៣និង៣០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចម្ដុំដីស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបង្កឡើងដោយជនសង្ស័យចំនួន០៣នាក់ បានធ្វើសកម្មភាពចូលគាស់ពិដានចូលលួចកាត់ខ្សែភ្លើងក្នុងផ្ទះរបស់ខ្លួន ហើយត្រូវជនរងគ្រោះឃាត់ខ្លួនបានចំនួន០១នាក់។ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះខាងលើ លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចាត់ឱ្យកម្លាំងជំនាញចុះដល់ទីតាំងកើតហេតុខាងលើ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈឿន បញ្ញា (សំណាង) ភេទប្រុស អាយុ៣០ឆ្នាំ ព្រមទាំងដកហូតវត្ថុតាង ១.កំណាត់ខ្សែភ្លើង ចំនួន០៥ដុំ(ប្រគល់ជូនជនរងគ្រោះវិញ), ២.កាបូបស្ពាយពណ៌ខ្មៅ ចំនួន០១, ៣.ដង្កាប់ ចំនួន០៤ដើម, ៤.ម៉ាឡេត ចំនួន០១ដើម, ៥.ទួឡឺវីស ចំនួន០២ដើម,៦.ដែកកែច្នៃ ចំនួន០៣ដើម ហើយនាំមកដល់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដេីម្បីសួរនាំនិងចាត់ការតាមនីតិវិធី ព្រមទាំងបានធ្វើតេស្តទឹកនោមរបស់ជនសង្ស័យរកសារធាតុញៀនវិជ្ជមាន (+)។ ចំណែកបក្ខពួក ចំនួន០២នាក់ ទៀតបានរត់គេចខ្លួន។ លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្សពួក២នាក់ទៀតពិតជាបានកាស់ពិដានចូនលួចកាត់យកខ្សែភ្លើងរបស់ជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ 

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

 ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកបក្ខពួកដែលរត់កិច្ចខ្លួនកម្លាំងជំនាញកំពុងធ្វេីការស្រាវជ្រាវ​ ដេីម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕វណ្ណា

 


ចែករំលែក៖