ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន៣នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និង អនុវត្តន៍ដីការបង្កាប់ឲចូលខ្លួន

ចែករំលែក៖

ខេត្តកណ្តាល÷ មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦នេះថា កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបីនាក់នៅចំណុចភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាលករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងអនុវត្តន៍ដីការបង្កាប់ឲចូលខ្លួន ។ 

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ចំនួន ០៣នាក់ ១-ឈ្មោះ សុខ ស្រីពេជ្រ ភេទស្រី អាយុ២៣ ឆ្នាំ ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ  (ឃាត់ខ្លួន) មានសារធាតុញៀនក្នុងទឹកនោម(+),២-ឈ្មោះ សុត ភារម្យ ភេទប្រុស អាយុ២៦ ឆ្នាំ ទីលំនៅភូមិត្រពាំងស្វា ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាលធ្លាប់ជាប់ពន្ធនាគារព្រៃសរ រយះពេល ០១ឆ្នាំ ពីបទ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមានសារធាតុញៀនក្នុងទឹកនោម(+)និង ៣- ឈ្មោះ ខុម លីមហុង ភេទប្រុស អាយុ២៨ ឆ្នាំ សញ្ជាតិខ្មែរទីលំនៅបច្ចុប្បន្ន ភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនឹងមានដីការបង្កាប់ឲនាំខ្លួនរបស់សាលាដំបូងខេត្តកណ្ដាលចេញដោយលោក ជូន វណ្ណៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល លេខ ៣០២/២៣ ចុះថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៣ ពីបទ ជួញដូរដោយខុសច្បាប់នៅសារធាតុ ប្រព្រឹត្តនៅភូមិក្បាលសេះ ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល កាលពីថ្ងៃទី ២២ ខែមីនាឆ្នាំ ២០២៣មានសារធាតុញៀនក្នុងទឹកនោម(+)។

វត្ថុតាងចាប់យករួមមាន÷

១-ទូស័ព្ទដៃ ០១គ្រឿង ម៉ាកpower ពណ៍ខ្មៅ។

២-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកក(ice)ចំនួន០៦ កញ្ចប់ ទម្ងន់១,៦២ ក្រាម។

៣-ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ០១ ។

៤-ថង់វិចខ្ចប់ថ្នាំញៀនមួយចំនួន។

៥-អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែររបស់ឈ្មោះ សុខ ស្រីពេជ្រ ចំនួន០១សន្លឹក។

៦-ឩបករណ៍ប្រើប្រាស់មួយចំនួន។

ប្រភពបានបន្តទៀតថា នៅថ្ងៃ ខែ ឆ្នាំ  កើតហេតុមានប្រជាពលរដ្ឋល្អបានរាយការណ៍ មកកម្លាំងសមត្ថកិច្ចថាមានមនុស្សមួយក្រុម កំពុងធ្វើសកម្មភាពចែកចាយថ្នាំញៀននឹងប្រើប្រាស់ថ្នាំញៀន នៅផ្ទះរបស់ឈ្មោះ ភូ ដែលទុកចោល។ ពេលដែលទទួលបានព័ត៌មានភ្លាមកម្លាំងផ្នែកជំនាញបានសហការជាមួយកម្លាំងអាវុធហត្ថកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសៀមរាបនិងកម្លាំងប្រជាការពារ បានចុះទៅដល់ទីតាំងកើតហេតុក៏បានឃើញជនសង្ស័យចំនួន ០៣នាក់ខាងលើកំពុងធ្វើសកម្មភាពចែកចាយថ្នាំញៀនប្រាកដមែន។ បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏បានដកហូតថ្នាំញៀនបានចំនួន ០៦កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១ រួមទាំងថង់វិចខ្ចប់ និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន។

ឈ្មោះ ខុម លីមហុង បានលាក់ទុកក្នុងហោប៉ៅខោខាង ឆ្វេងចំនួន ០៥ កញ្ចប់តូច ចំនែកថ្នាំញៀនចំនួន០១ កញ្ចប់មធ្យម និង ជញ្ជីងថ្លឹងថ្នាំ ថង់វិចខ្ចប់ថ្នាំញៀន ជនសង្ស័យឈ្មោះសុត ភារម្យ និង ជនសង្ស័យឈ្មោះសុខស្រីពេជ្រ បានយកទៅលាក់ទុកក្នុងស្មៅកៀនរបងខាងក្រោយផ្ទះ។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ច ក៏បានឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាង មកកាន់ផ្នែកជំនាញដើម្បីសួរនាំបន្តតែម្ដង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៣ នាក់បានឆ្លើយសារភាពថាថ្នាំញៀនចំនួន០៦កញ្ចប់ខាងលើនេះពិតជារបស់ពួកខ្លួនពិតប្រាកដមែន ដោយជនសង្ស័យឈ្មោះ សុត ភារម្យ និង ឈ្មោះ សុខ ស្រីពេជ្រ បានទៅទិញពីមនុស្សប្រុសម្នាក់ឈ្មោះ ទួន នៅចំពុះក្អែក ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ ហើយខ្លួនធ្លាប់យកពីឈ្មោះ ទួន បានចំនួន ០៣ លើកមកហើយ ដោយមួយលើកៗ ក្នុងតម្លៃ ចាប់ពី ២៥០,០០០ រៀល(ម្ភៃប្រាំម៉ឺនរៀល) ទៅ ៣៥០,០០០ រៀល(សាមសិបប្រាំម៉ឺនរៀល)។ ដើម្បីយកមកលក់បន្ត ហើយពួកខ្លួនចេះលក់ថ្នាំញៀន បានរយះពេល ៦ ខែមកហើយ។

ក្រៅពីលក់ថ្នាំ និង ប្រេីប្រាស់ថ្នាំញៀនខ្លួនមិនដែលបានប្រព្រឹត្តបទល្មើស លួច ឆក់ ប្លន់ អ្វីឡើយ។ បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីសាកសួរបន្ត និងក៏សាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕


ចែករំលែក៖