ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បានប្រកាសដកអាជ្ញាបណ្ណ និង ដាក់ឱ្យជម្រះបញ្ជីគ្រឹះស្ថានធនាគារចំនួន ៣ ដែលមិនសូវមានប្រតិបត្តិការសកម្មក្នុងសេដ្ឋកិច្ច បន្ទាប់ពីអាជីវកម្មរបស់គ្រឹះស្ថានទាំងនេះទទួលរងផលប៉ះពាល់ជាបន្តបន្ទាប់ពីកត្តាមួយចំនួន។
គ្រឹះស្ថានធនាគារទាំង ៣ នោះរួមមាន ធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង ម.ក (ដែលត្រូវបានដាក់ឱ្យជម្រះបញ្ជីដោយក្រុមហ៊ុន រីចឆ៍ & ផាតនើរ) និង ធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក និងធនាគារ អេចអេច (ខេមបូឌា) ម.ក (ដែលធនាគារទាំងពីរនេះត្រូវបានដាក់ឱ្យជម្រះបញ្ជីដោយក្រុមហ៊ុន បេឃើរ ធីលលី (ខេមបូឌា) ឯ.ក)។
យោងតាមតួលេខផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារទាំង ៣ បូកបញ្ចូលគ្នាមានចំណែកត្រឹមតែ ០,៥% ប៉ុណ្ណោះធៀបនឹងទំហំសរុបក្នុងប្រព័ន្ធធនាគារ ក្នុងនោះទ្រព្យសកម្មមាន ០,៥% ប្រាក់បញ្ញើ ០,៥% និងឥណទាន ០,៥%។
ចំពោះការដកអាជ្ញាបណ្ណ លើធនាគារខាងលើនេះ ធ្វើឡើងខណៈពេលថ្មីៗនេះ ធនាគារពាណិជ្ជពីរផ្សេងទៀតក៏ត្រូវបានដាក់ឱ្យជម្រះបញ្ជីរួចហើយដែរ គឺ ធនាគារ ព្រីនស៍ និង ធនាគារ ផេនដា។
លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភា បានចាត់ទុកវិធានការរបស់ ធនាគារជាតិ ពេលនេះ គឺមិនមែនជាក្តីបារម្ភសម្រាប់ប្រព័ន្ធ ធនាគារនៅកម្ពុជា នោះទេ តែផ្ទុយទៅវិញវា គឺជាចំណាត់ការដ៏ល្អ ដើម្បីធ្វើឱ្យប្រព័ន្ធធនាគារនៅកម្ពុជា កាន់តែរឹងមាំ។
យោងតាមរបាយការណ៍ពី ធនាគារជាតិ បើទោះបីជា បូកបន្ថែមទំហំប្រតិបត្តិការរបស់គ្រឹះស្ថានទាំង ៣ ដែលទើបដាក់ឱ្យជម្រះបញ្ជីជាមួយគ្រឹះស្ថានទាំង ២ ខាងលើ ក៏ចំណែកទីផ្សាររបស់គ្រឹះស្ថានទាំង ៥ បូកបញ្ចូលគ្នាមានប្រមាណត្រឹមតែ ១% ប៉ុណ្ណោះនៃប្រព័ន្ធធនាគារទាំងមូល៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច