ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពក្រុងបាវិត ចុះធ្វើរដ្ឋបាលចំហបង្រ្កាប ទីតាំងសង្ស័យករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) បន្ទប់ជួល ចំនួន ២ កន្លែង

ចែករំលែក៖

ខេត្តស្វាយរៀង៖ គណៈបញ្ជាការឯកភាពក្រុងបាវិត ចុះធ្វើរដ្ឋបាលចំហបង្រ្កាប ទីតាំងសង្ស័យករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) បន្ទប់ជួល ចំនួន ២ កន្លែង។

យោងតាមសមត្ថកិច្ចនគរបាល បានអោយដឹងថា នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពក្រុង ដឹកនាំដោយលោក រ៉េត រក្សា អភិបាលរងក្រុង សហការជាមួយកម្លាំងនគរបាល នៃអធិការការដ្ឋាននគរបាលក្រុងបាវិត ដោយមានការសម្របសម្រួលពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះធ្វើរដ្ឋបាលចំហ និងបង្រ្កាប ទីតាំងសង្ស័យករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) បន្ទប់ជួល ចំនួន ២ កន្លែង ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត។

ក្នុងនោះ មានការចូលរួមពី លោកអធិការនគរបាលក្រុង លោកអធិការរងក្រុង លោកនាយករងរដ្ឋបាលក្រុង លោកនាយសេនាធិការកងរាជអាវុធហត្ថក្រុង និហលោកនាយរងប៉ុស្តិ៍រដ្ឋបាលក្រុង

សមត្ថកិច្ចបញ្ជាក់ទៀតថា ជាលទ្ធផល ក្រុមការងារបានពិនិត្យរកឃើញ ទីតាំងទី១៖ បន្ទប់ស្នាក់នៅរបស់ក្រុមហ៊ុន កាស៊ីណូ ឡាស់វេសហ្គាស់ មានជនជាតិខ្មែរ ចំនួន២០នាក់ និងគ្មានជនបរទេសស្នាក់នៅឡើយ។

ទីតាំងទី២៖ បន្ទប់ជួលស្នាក់នៅ កម្មសិទ្ធិលោក ស៊ា ទ មានជនបរទេសស្នាក់នៅសរុបចំនួន ១៥ នាក់ (ស្រី ១០ នាក់) ជាជនជាតិ វៀតណាម។

ក្នុងនោះមានជនជាតិ វៀតណាម ១ នាក់ (ប្រុស) ស្នាក់នៅបន្ទប់ A06 សង្ស័យពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងវត្ថុតាងរួមមាន កុំព្យូទ័រ All in one កុំព្យូទ័រ យួរដៃ និងទូរសព្ទដៃផ្ទាល់ខ្លួន។

ចំពោះជនសង្ស័យ និងវត្ថុតាងខាងលើ ក្រុមការងារបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីបន្តនីតិវិធី។ ចំណែកបន្ទប់ A06 ក្រុមការងារសម្រេចបិទជាបណ្ដោះអាសន្ន៕

ដោយ៖ សុថាន


ចែករំលែក៖