ព័ត៌មានទាន់ហេតុការណ៍៖

បេក្ខភាពអាចជំនួសលោក Gianni Infantino ជាប្រធាន FIFA

ចែករំលែក៖

 

ប្រធាន FIFA លោក Gianni Infantino កំពុងប្រឈមនឹងការប្រកួតប្រជែងយ៉ាងខ្លាំងក្នុងការបោះឆ្នោតជាថ្មី បន្ទាប់ពីសហព័ន្ធបាល់ទាត់ជាតិរបស់ ស៊ែប៊ី ស៊ុយអែត និងវែលស៍ បានដកការគាំទ្ររបស់ពួកគេ ក្រោយគម្រោងលក់ភាគហ៊ុននៃការប្រកួត FIFA World Cup ទៅឱ្យវិនិយោគិនឯកជន មិនទទួលបានការយល់ព្រម។

ខាងក្រោមនេះគឺជាបុគ្គលដែលត្រូវបានគេចាត់ទុកថា អាចក្លាយជាបេក្ខភាពជំនួស Infantino សម្រាប់អាណត្តិ ឆ្នាំ 2027-2031។ ការបោះឆ្នោតគ្រោងធ្វើឡើងនៅប្រទេស ម៉ារ៉ុក នៅថ្ងៃទី 18 ខែមីនា។

1. Victor Montagliani (ប្រធាន CONCACAF)

ប្រធានសហព័ន្ធបាល់ទាត់អាមេរិកខាងជើង កណ្តាល និងការ៉ាប៊ីន (CONCACAF) និងជាពាណិជ្ជករជនជាតិកាណាដា Victor Montagliani កំពុងពិចារណាឈរឈ្មោះប្រកួតប្រជែងតំណែងប្រធាន FIFA។

CONCACAF បានបដិសេធគម្រោងរបស់ Infantino ក្នុងការលក់ភាគហ៊ុន World Cup ទៅឱ្យវិនិយោគិនឯកជន ប៉ុន្តែមិនបានអំពាវនាវឱ្យធ្វើពហិការដូច UEFA នោះទេ។

2. Aleksander Čeferin (ប្រធាន UEFA)

លោក Aleksander Čeferin ជនជាតិស្លូវេនី និងជាប្រធាន UEFA បានធ្វើពហិការមិនចូលរួមការប្រកួតផ្តាច់ព្រ័ត្រ World Cup កាលពីខែមុន បន្ទាប់ពីមានជម្លោះជាច្រើនជាមួយ FIFA។

UEFA បានក្លាយជាអ្នករិះគន់ខ្លាំងបំផុតចំពោះ Infantino ក្នុងវិបត្តិចុងក្រោយនេះ។

3. Salman bin Ibrahim Al Khalifa (ប្រធាន AFC)

លោក Sheikh Salman bin Ibrahim Al Khalifa ពីប្រទេសបារ៉ែន ជាប្រធាន AFC និងជាអនុប្រធានជាន់ខ្ពស់នៃក្រុមប្រឹក្សា FIFA។

លោកជាអ្នកប្រឆាំងនឹងគម្រោងពង្រីក World Cup ដល់ 64 ក្រុម។

AFC ក៏បានរិះគន់គម្រោងលក់ភាគហ៊ុន World Cup របស់ Infantino ដោយលើកឡើងថា វាបានបង្ហាញពី ភាពខ្សោយក្នុងការពិគ្រោះយោបល់ និងការសម្រេចចិត្តរបស់ FIFA។

4. Nasser Al-Khelaifi (ប្រធាន Paris Saint-Germain)

មន្ត្រីបាល់ទាត់អឺរ៉ុបជាច្រើន កំពុងចាប់ផ្តើមគាំទ្រ Nasser Al-Khelaifi ប្រធានក្លិប Paris Saint-Germain (PSG) ជាបេក្ខភាពដ៏សំខាន់ម្នាក់សម្រាប់តំណែងប្រធាន FIFA។

5. Lise Klaveness (ប្រធានសហព័ន្ធបាល់ទាត់ន័រវេស)

លោកស្រី Lise Klaveness ដែលជាប្រធានសហព័ន្ធបាល់ទាត់ន័រវេស គឺជាស្ត្រីដ៏មានឥទ្ធិពលម្នាក់ក្នុងពិភពបាល់ទាត់។

លោកស្រីជាអ្នករិះគន់ខ្លាំងចំពោះគម្រោងលក់ភាគហ៊ុន World Cup របស់ Infantino។

កន្លងមក ន័រវេសក៏ធ្លាប់ពិចារណាដាក់ពាក្យប្តឹងទៅគណៈកម្មាធិការសីលធម៌របស់ FIFA ពាក់ព័ន្ធនឹងការសម្រេចលុបចោលការពិន័យលើខ្សែប្រយុទ្ធអាមេរិក Folarin Balogun នៅ World Cup បន្ទាប់ពីមានការអន្តរាគមន៍ពីប្រធានាធិបតីអាមេរិក Donald Trump។ ករណីនេះបានធ្វើឱ្យមានការសង្ស័យកាន់តែខ្លាំងអំពីទំនាក់ទំនងរវាង Infantino និងលោក Trump៕


ចែករំលែក៖