ខេត្តបន្ទាយមានជ័យ៖ នគរបាលបានឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន២នាក់និងវត្ថុតាងយកទៅអនុវត្តន៍តាមច្បាប់។
សមត្ថកិច្ចបន្តថា៖ អនុវត្តតាមបទបញ្ជាម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រីសឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យក្នុងការបង្ក្រាបបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀន កម្លាំងនគរបាលស្រុកភ្នំស្រុកបានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន២នាក់ជាបន្តបន្ទាប់ នៅថ្ងៃទី ៤ ខែសីហាឆ្នាំ ២០២៦វេលាម៉ោង៧ ព្រឹក នៅចំណុចភូមិសំរោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯកប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋល្អរាយការណ៍មកកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រុកថា ឈ្មោះ អៀង សុផាត ហៅ ហ្គាស ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិសំរោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ សង្ស័យប្រើប្រាស់គ្រឿងញៀន ព្រោះពេលយប់តែងតែជិះម៉ូតូចេញចូល(យប់ជ្រៅ) រំខានដល់ដំណេកអ្នកជិតខាង ។
លោកអធិការបន្តថា៖ ក្រោយទទួលបានពត៌មានភ្លាម នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៧ព្រឹក លោកក៏បានដឹកនាំកម្លាំងអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍ណាំតៅធ្វើការស្រាវជ្រាវចុះដល់ផ្ទះឈ្មោះអៀង សុផាត(ហៅហ្គាស) និងធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន លទ្ធផលវិជ្ជមាន(+) ។បន្ទាប់មកធ្វើការសាកសួរ ជនសង្ស័យខាងលើបានសារភាពថា ថ្នាំញៀនដែលខ្លួនប្រើប្រាស់គឺទិញពីឈ្មោះ ម៉ៃ ម៉េង ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិតាគង់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ប៉ិក គឹមហ៊ាក បានបញ្ជាក់បន្ថែនថា÷ លុះដល់វេលាម៉ោង៨និង៣០នាទី ថ្ងៃដដែលសមត្ថកិច្ចយើងបានបន្តនាំខ្លួនឈ្មោះ ម៉ៃ ម៉េង ភេទប្រុស អាយុ២៩ឆ្នាំ (នៅនឹងផ្ទះ) ភូមិតាគង់ ឃុំណាំតៅ និងបានត្រួតពិនិត្យក្នុងកាបូបស្ពាយរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន៧ (ប្រាំពីរ) ថង់តូច និងទូរស័ព្ទដៃចំនួន២គ្រឿង។ បន្ទាប់មកយើងនាំខ្លួនជនសង្ស័យខាងលើមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រុកដើម្បីធ្វើការសាកសួរ និងធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន លទ្ធផលវិជ្ជមាន(+) និងវត្ថុតាងចាប់យកម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន
ចំនួន៧(ប្រាំពីរ)ថង់តូច
ទូរស័ព្ទដៃចំនួន២(ពីរ)គ្រឿង ។ជនសង្ស័យនិងវត្ថុតាងកម្លាំងជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធី ៕

ដោយ៖ វណ្ណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច