ខេត្តមណ្ឌលគិរី៖ កម្លាំងស្នាក់ការសត្វព្រៃអូរល្វេ សហការជាមួយស្នាក់ការម្រើច និងស្នាក់ការឈួល នៃដែនជម្រកសត្វព្រៃស្រែពក កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ បានចុះបង្ក្រាបករណីបទល្មើសសត្វព្រៃ នៅចំណុចផ្លូវលេខ១៤ ស្ថិតក្នុងភូមិកោះម្យើលលើ ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយដកហូតបានសាកសពជ្រូកព្រៃ ១ក្បាល និងឈ្លូស ២ក្បាល។
ដោយឡែកជនសង្ស័យ ២នាក់ បានផ្តួលម៉ូតូចោល រួចរត់គេចខ្លួនចូលព្រៃបាត់ស្រមោល។ សត្វព្រៃទាំង ៣នេះ ត្រូវបានកម្លាំងជំនាញខាងលើនេះ ដុតបំផ្លាញចោលភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញ បានចាប់យកវត្ថុតាងម៉ូតូដែលជាមធ្យោបាយ ត្រូវបានយកមករក្សាទុកនៅស្នាក់ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច