ភ្នំពេញ៖ ផ្ទះវីឡាជួសជុលធុងបាស១កន្លែងស្ថិតនៅខណ្ឌសែនសុខត្រូវបានអគ្គិភ័យឆាបឆេះ បណ្ដាលឲ្យជាងជួសជុលជនពិការម្នាក់ ត្រូវភ្លើងឆេះស្លាប់យ៉ាងអាណោចអាធម និងបង្កឲ្តរងរបួសមនុស្សចំនួន២នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះគ្រោះអគ្គីភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១១ ព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅចំណុចផ្ទះវិឡាលេខ៩ផ្លូវ១៩៦៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថី្ម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្នុងករណីខាងលើនេះដែរ មានរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានចុះទៅជួយអន្តរាគមន៍បាញ់ពន្លត់។
ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតឈ្មោះ សេក ជា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាងធុងបាសនិងជាជនពិការ ។ ចំណែកអ្នករងរបួសទាំង២នាក់ ក្នុងនោះម្នាក់ឈ្មោះ ម៉េង ចាន់ណេង ភេទប្រុស អាយុ ៣២ឆាំ្ន មុខរបរជាងធុងបាស និងម្នាក់ទៀតឈ្មោះ ចៃ ចិន្តា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ អ្នកដឹកជញ្ជូន។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាប់ឆេះផ្សែងហុយទ្រលោមចេញពីជាន់ទី១ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ទាក់ទងហៅរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍បាញ់ពន្លត់ ។ បន្ទាប់ពីសមត្ថកិច្ចអន្តរាគមន៍បាញ់ពន្លត់ គេឃើញបុរសម្នាក់ដែលគេអះអាងថា ជាជនពិការត្រូវភ្លើងឆេះស្លាប់យ៉ាងអាណោចអាធម៌ដោយមានសសរបេតុងសង្កត់ ពីលើ។
តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅក្នុងហេតុការណ៍នោះសមត្ថកិច្ចជំនាញបានចេញរថយន្តចំនួន៨គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន៨ឡានស្មើរនឹង៣២ម៉ែត្រគូប ហើយភ្លើងបានរលត់ទៅវិញនៅម៉ោង ១២នឹង៣០នាទីនាថ្ងៃខែ ឆ្នាំដដែល។
តាមនគរបាលការិយាល័យបង្ការពន្លត់វិភ័យនិងសង្គ្រោះ បានឲ្យដឹងទៀត ថា ផ្ទះដែលអគ្គិភ័យឆាបឆេះជាប្រភេទ សំណង់ថ្មបេតុងទំហំ ១២ម៉ែត្រគុណ៤០ម៉ែត្រ ដែលមាន ម្ចាស់ឈ្មោះ: យូ ទ្រី ភេទប្រុសអាយុ ៤៥ឆ្នាំ មុខ របរលក់ធុងបាស ហើយភ្លើងបានឆាប់ឆេះបន្ទប់ជួស ជុលធុងបាស បណ្ដាលសម្ភារៈជាងនឹងធុងបាសរងការខូចខាតទាំងស្រុងនិងបណ្ដាឲ្យស្លាប់ម្នាក់និងរងរបួសចំនួនពីរនាក់។
តាមនគរបាលបានឲ្យដឹងទៀតថា អគ្គិភ័យនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីដោយសារជាងសាកថ្មធុងបាស។
បន្ទាប់ពីមានគ្រោះ អគ្គីភ័យខាងលើ នគរបាលជំនាញក៏បានចុះទៅត្រួតពិនិត្យសាកសពផងដែរ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច