ខេត្តកណ្ដាល៖ មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងនៅថ្ងៃទី៧ខែសីហាឆ្នាំ២០២៦នេះអំពីករណីប៉ុនប៉ងឃាតកម្មគិតទុកដែលបានកើតឡើងថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២៦ វេលា ម៉ោង ១៤: ២០នាទីក្នុងវត្តអង្គពណ្ណរាយហៅវត្តអង្គភូមិ ប្រជុំអង្គ ឃុំជើងកើបស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ប្រភពពីសមត្ថកិច្ចឱ្យដឹងថា ជនរងគ្រោះឈ្មោះ ប៉ែន គុជ ភេទប្រុស អាយុ ៩៦ឆ្នាំ។ ចំណែកជនសង្ស័យ ឈ្មោះ កែវ សុខា ហៅ រិទ្ធិ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)គ្មានសារធាតុញៀនក្នុងទឹកនោម(-)។
ប្រភពបានបន្តទៀតថា កន្លងមកកាលពីខែកក្កដា ឆ្នាំ ២០២៦ ជនសង្ស័យធ្លាប់ប៉ុនប៉ងសម្លាប់ជនរងគ្រោះចំនួន ០២ដងរួចមកហើយ ដោយយកខ្សែភ្លើងមកឆក់ តែមិនបានសម្រេច។
លុះដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៣ : ០០ នាទី ជនសង្ស័យបានយកខ្សែភ្លើងពណ៌សមានប្រវែងប្រហែល៣ម៉ែត្រយកមក,តសរសៃរលួស និងតឌុយ ដើម្បីទុកយកមកឆក់សម្លាប់ជនរងគ្រោះ ពីព្រោះខ្លួនខឹងនិងជនសង្ស័យ និយាយឲ្យឪពុកខ្លួនថា៖ ហ្អែងអត់ប្រយោជន៍ វ៉ៃហ្អែងទំលាក់ទឹកឲ្យត្រីស៊ីគ្រាន់បើជាង តាំងពីឪពុកជនសង្ស័យនៅកំលោះ មកម្លេះ ហើយឪពុកជនសង្ស័យជាអ្នកនិយាយប្រាប់ខ្លួនផ្ទាល់មាត់។
លុះដល់ម៉ោង១៤៖០០នាទីនាថ្ងៃដដែល ជនសង្ស័យបានដើរចេញពីផ្ទះដោយដៃកាន់ខ្សែភ្លើង មកជាមួយ មកវត្តអង្គពណ្ណរាយ ហៅវត្តអង្គ ។ ពេលដើរមកដល់ក្នុងវត្ត ជនសង្ស័យបានដើរសំដៅទៅអាស្រមជនរងគ្រោះ ដែលនៅខាងលិចវត្ត។ ពេលមកដល់ជនសង្ស័យ បាន ឃើញ ជនរងគ្រោះ កំពុងសំរាន្តនៅក្នុងអាស្រមដោយគ្មានមនុស្សនិងព្រះសង្ឃនៅក្បែរនោះ មានឱកាសល្អ ជនសង្ស័យបានធ្វើសកម្មភាពយកខ្សែភ្លើងខាងលើ ចូលទៅចងកជើងជនរងគ្រោះទាំងសងខាង រួចយកឌុយដោតចូលព្រីភ្លើងដើម្បីសម្លាប់ជនរងគ្រោះ ។ ពេលដោតឌុយរួចជនសង្ស័យបានរត់ចេញទៅក្រៅខាងកើតវត្ត បានរយះពេល០៥នាទី ជនសង្ស័យបានដើរមកមើលវិញ ហើយបានឃើញមានព្រះសង្ឃជាកូននេនព្រះនាម អ៊ូច ចាន់ហេង បានមកដកខ្សែភ្លើងដែលខ្លួនដោតឆក់ដើម្បីសម្លាប់ជនរងគ្រោះ។
ដោយឃើញជនរងគ្រោះមិនទាន់ស្លាប់ ជនសង្ស័យបានចូលទៅមូលខ្សែភ្លើងខាងលើរួចយកទៅទុកនៅផ្ទះរបស់ខ្លួន បន្ទាប់មកបងប្អូនរបស់ជនរងគ្រោះបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជើងកើប។
ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យមើលកាមេរ៉ាសុវត្ថិភាពនៅក្នុងវត្ត រួចឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច