ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងឱ្យផ្អាកការលក់ដូរនៅជុំវិញមណ្ឌលប្រឡងបាក់ឌុប៣៦មណ្ឌលស្ថិតក្នុងខណ្ឌចំនួន១៣ 

ចែករំលែក៖

ភ្នំពេញ៖  រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់នៅក្នុងរាជធានីភ្នំពេញមេត្តាជ្រាបថា ក្រសួងអប់រំ យុវជននិងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ សម័យប្រឡង ១០ សីហា ២០២៦ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦។

ក្នុងន័យនេះ ដើម្បីចូលរួមចំណែកឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅរាជធានីភ្នំពេញប្រព្រឹត្តទៅដោយរលូន ជោគជ័យ ធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយសាធារណៈ នៅជុំវិញមណ្ឌលប្រឡងទាំង៣៦មណ្ឌលក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងនិងណែនាំដល់បងប្អូនអាជីវករដែលប្រកបអាជីវកម្ម និងទីតាំងអាជីវកម្ម ស្ថិតនៅជុំវិញបរិវេណមណ្ឌលប្រឡង (ដូចមានក្នុងឯកសារឧបសម្ព័ន្ធភ្ជាប់មកជាមួយ) ដូចខាងក្រោម៖

១- ផ្អាកជាបណ្តោះអាសន្នចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អិនធឺណិត និងអាជីវកម្មលក់សម្ភារៈសិក្សា គ្រប់ប្រភេទ ចាប់ពីថ្ងៃទី៩-១១ ខែសីហា ឆ្នាំ២០២៦។

២- ផ្អាកជាបណ្តោះអាសន្នចំពោះទីតាំងអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន និងការដ្ឋានសំណង់នានា ចាប់ពីថ្ងៃទី៩-១១ ខែសីហា ឆ្នាំ២០២៦។

៣- ទីតាំងអាជីវកម្មផ្សេងទៀត រួមទាំងការដ្ឋានសំណង់ដែលស្ថិតនៅជិតបរិវេណមណ្ឌលប្រឡង ហាមបង្កសំឡេងរំខាន ឬ សកម្មភាពនានាដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រឡងរបស់បេក្ខជន ចាប់ពីថ្ងៃទី៩-១១ ខែសីហា ឆ្នាំ២០២៦។

៤-សម្រាប់ភ្ញៀវទេសចរដែលស្នាក់នៅក្នុងសណ្ឋាគារ អគារស្នាក់នៅរួម ផ្ទះសំណាក់ ឬ ផ្ទះជួលបណ្តោះអាសន្នដែលស្ថិតនៅជុំវិញបរិវេណមណ្ឌលប្រឡង ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរចេញ-ចូលជាធម្មតា ។

៥- ដោយឡែកសម្រាប់ការផ្ញើកង់-ម៉ូតូនៅតាមមណ្ឌលប្រឡង ដែលរៀបចំដោយអាជ្ញាធរមានសមត្ថកិច្ចនោះ មិនត្រូវបានបង់ប្រាក់ឡើយ។

អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនអាជីវករទាំងអស់មេត្តាជ្រាប និងយោគយល់ដោយសេចក្តីអនុគ្រោះ។ ក្រោយផុតរយៈពេលនៃការប្រឡង បងប្អូនអាជីវករនិងទីតាំងអាជីវកម្មទាំងអស់ អាចបើកដំណើរការអាជីវកម្ម ជាធម្មតាឡើងវិញ។

ទទួលបានសេចក្តីជូនដំណឹងនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរជំនាញពាក់ព័ន្ធជុំវិញរដ្ឋបាលរាជធានីភ្នំពេញ និងបងប្អូនអាជីវករពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយ អនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ៖សំរិត


ចែករំលែក៖