ខេត្តព្រះសីហនុ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្ដព្រះសីហនុ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះ អាសន្ន លើជនសង្ស័យជនជាតិចិនចំនួន ១២នាក់ (ស្រី ០២នាក់) ពីបទ ៖ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មានស្ថានទម្ងន់ទោសដោយមានការរៀបចំជាក្រុមមានការចាត់តាំង និងរៀបចំ និងដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
បច្ចុប្បន្នជនសង្ស័យទាំង ១២នាក់ កំពុងឃុំខ្លួន នៅក្នុងពន្ធនាគារ ខេត្ដព្រះសីហនុ ។
សូមបញ្ជាក់ថា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦នេះ អនុវត្តតាមបទបញ្ជា របស់ លោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ាង ស៊ីណេត អភិបាលខេត្ដព្រះសីហនុ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ កម្លាំងជំនាញ នៃការិយាល័យព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសខេត្តនេះ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន ១២នាក់ (ស្រី ០២នាក់) ជនជាតិចិន រួមនឹងវត្ថុតាង ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ប្រព្រឹត្តនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចហាងបាយថូវប៉ាវ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ចំពោះវត្ថុតាង ចាប់យកបានរួមមាន ៖
១- ទូរសព្ទដៃ (អនឡាញ) ចំនួន១១២គ្រឿង
២- កុំព្យូទ័រយួរដៃ (អនឡាញ) ចំនួន ២២គ្រឿងម៉ាក ASUS ចំនួន ២គ្រឿង, LENOVO ចំនួន ១១គ្រឿង , DELL
ចំនួន ៧គ្រឿង, HP ចំនួន ១គ្រឿង, MACHOOK ចំនួន ១គ្រឿង
៣- គ្រឿងអេឡិចត្រូនិចមួយចំនួន (ឃី ម៉ៅ)
៤- ទូរសព្ទដៃប្រើប្រាស់ផ្ទាល់ខ្លួន ចំនួន ១៧គ្រឿង
៥- និងសម្ភារៈពាក់ព័ន្ធមួយចំនួន ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច