ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈដែលរូបគេបានជិះម៉ូតូយ៉ាងលឿនហើយរេចង្កូតឡើងលើចញ្ចើមផ្លូវទៅបុករបងសាកលវិទ្យាល័យIICពេញទំហឹង កាលពីម៉ោង១ និង៤០នាទីរំលងអធ្រាត្រថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នៅជាប់របងសាកលវិទ្យាល័យ អាយ អាយ សីុ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ជនរងគ្រោះមានឈ្មោះតែ គាងហេង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិដើមគ ឃុំដើមមាន ក្រុងតាខ្មៅ ខេត្តកណ្ដាល។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូម៉ាកMSX ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FQ-6690 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បួងទៅជើងក្នុងល្បឿនលឿន ខណៈដល់កន្លែងកើតហេតុខាងលើ ក៏រេចង្កូតឡើងលើចញ្ចើមផ្លូវនិងជ្រុលទៅបុករបងសាកលវិទ្យាល័យ អាយ អាយ សីុ ពេញទំហឹងបណ្ដាលឲ្យបែកមួកនិងខ្ទេចមុខហូរឈាមពេញថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែង ចំណែកឯម៉ូតូវិញរងការខូចខាតបន្តិចបន្តួច ។
ក្រោយពេលកើតហេតុ មានសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្ដិ៍ រងចាំសាច់ញាតិយកឯកសារគ្រប់គ្រាន់ និងប្រគល់ជូនវិញ៕