ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តរតនគិរីចុះបង្ក្រាបទីតាំងជាប់ពាក់ព័ន្ធលួចគោ-ក្របីអ្នកភូមិពន្លះសាច់លក់ ឃាត់មនុស្ស៤នាក់

ចែករំលែក៖

ខេត្តរតនគិរី៖ កម្លាំងនគរបាលប៉ុស្តិ៍ឃុំចាអ៊ុងសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់បឹងកន្សែងនិងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តនិងមានការសម្របសម្រួលពីលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានចុះឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់នៅចំណុចក្បែរបន្ទាយវរសេនាតូចអន្តរាគមន៍លេខ១ ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

បើតាមសមត្ថកិច្ចនគរបាលដែលចុះប្រតិបត្តិការប្រាប់ឲ្យដឹងថាបន្ទាប់ពីទទួលពាក្យបណ្តឹងពីម្ចាស់ក្របីឈ្មោះក្រទុ ពឿង ភេទប្រុស អាយុ៣៥ ឆ្នាំជនជាតិគ្រឹង មានទីលំនៅភូមិធួយទុំ ឃុំចាអ៊ុងស្រុកអូរជុំ បានបាត់ក្របីចំនួន៤ក្បាលព្រមទាំងគោ៣ក្បាល ជារបស់អភិបាលស្រុកអូរជុំផងដែរ កាលពីវេលាម៉ោង១០យប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ កម្លាំងនគរបាលបានប្រើប្រាស់វិធានការជំនាញស្រាវជ្រាវមុខសញ្ញា។

លុះដល់ម៉ោងប្រមាណ៨និង៣០នាទីព្រឹកនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ កម្លាំងបានចុះបង្ក្រាបជាក់ស្តែងនៅទីតាំងខាងលើ។

ប្រភព័ព៌តមានខាងលើបានប្រាប់បន្តទៀតថា កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ក្នុងនោះម្ចាស់ផ្ទះមានឈ្មោះហ៊ិម សះ ភេទស្រី អាយុ៥១ ឆ្នាំជនជាតិខ្មែរឥស្លាម ចំណែកជនសង្ស័យ៣នាក់ផ្សេងទៀតមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ។

សមត្ថកិច្ចនគរបាលបន្ថែមឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការនេះដែរ ដកហូតបានក្របីរស់១ក្បាល ស្បែកគោ ស្បែកក្របី និងសាច់ក្របីពន្លះសាច់ហើយមួយចំនួនធំ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រី៤នាក់ត្រូវបានសមត្ថកិច្ចនគរបាលយកទៅសួរនាំនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តនិងក្របី រស់១ក្បាលជាវត្ថុតាងមួយចំនួនធំត្រូវបានកម្លាំងនគរបាលនាំមកស្នងការនគរបាលខេត្តរតនគិរី។

បងប្អូនដែលមានគោក្របីទាំងអស់សូមប្រុងប្រយ័ត្នកុំប្រលែងចោល ឬមិនដាក់ក្រោលនៅពេលយប់ជៀសវាងការបាត់បង់៕
img_5848

img_5849

img_5850

img_5851

img_5853

img_5856


ចែករំលែក៖