ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​៖​ ជម្រាប​ជូន​ចំណុចសំខាន់ៗ ពាក់ព័ន្ធនឹងកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋភៀសសឹក ដែលរងគ្រោះដោយការរំលោភបំពានរបស់កងកម្លាំងថៃមកលើដែនអធិបតេយ្យកម្ពុជា

ចែករំលែក៖

 

ភ្នំពេញ​៖​ ថ្លែង​នៅក្នុង​ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦​ លោក​ ប៉ែន​ បូណា​ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា​ បានមានប្រសាសន៍ថា​ ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមគូសរំលេចជូនបងប្អូនជនរួមជាតិនូវចំណុចសំខាន់ៗ ពាក់ព័ន្ធនឹងកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋភៀសសឹក ដែលរងគ្រោះដោយការរំលោភបំពានរបស់កងកម្លាំងថៃមកលើដែនអធិបតេយ្យកម្ពុជា៖

គិតមកទល់ពេលនេះ ពោលគឺជាង៧ខែក្រោយបទឈប់បាញ់ នៅសល់ពលរដ្ឋភៀសសឹកប្រមាណជា ២ម៉ឺននាក់ទៀត ដែលភាគច្រើនជាស្ត្រីនិងកុមារ នៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ ដោយសារមានការរារាំងពីសំណាក់កងកម្លាំងថៃតាមរយៈការដាក់ទូរកុងតឺន័រ ការរាយបន្លាលួសដើម្បីបិទផ្លូវ និងការបំផ្លិចបំផ្លាញផ្ទះសម្បែងពីសំណាក់កងកម្លាំងយោធាថៃដែលផ្ទុយទាំងស្រុងពីច្បាប់អន្តរជាតិ។ ការបន្តកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ និងរារាំងជនភៀសសឹកមិនឱ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ ហើយមិនព្រមបើកកិច្ចប្រជុំពិសេសគណៈកម្មការ JBC និងមិនព្រមចាត់ក្រុមការងារវាស់វែងចម្រុះចុះធ្វើការលើដីជាក់ស្តែងតាមសំណើររបស់កម្ពុជា គឺជាភស្តុតាងបង្ហាញយ៉ាងច្បាស់ដែលបញ្ជាក់ពីមហិច្ឆតាឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ដែលមិនអាចប្រកែកបានឡើយ។  

សូមបញ្ជាក់ថា ក្នុងអំឡុងពេលដែលកម្ពុជាទទួលរងការរំលោភបំពានលើបូរណភាពទឹកដី និងដែលបានបង្កឱ្យជនស៊ីវិលជាង៦៤ម៉ឺននាក់រត់ភៀសខ្លួនពីផ្ទះសម្បែងដោយបង្ខំ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញគោលនយោបាយច្បាស់លាស់ និងបន្ទាន់ដើម្បីជួយគាំពារជនភៀសសឹកដោយគិតគូរទាំងសន្តិសុខ សុវត្ថិភាព សុខុមាលភាព និងការស្តាឡើងវិញនូវជីវភាពរស់នៅរបស់ពួកគេ។ ក្រោយមានបទឈប់បាញ់ ប្រជាពលរដ្ឋភៀសសឹកត្រូវបានអាជ្ញាធររាជរដ្ឋាភិបាលសម្របសម្រួលឱ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញជាបន្តបន្ទាប់ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល តាមរយៈការដោះស្រាយបញ្ហាប្រឈមនានាដែលពួកគេជួបប្រទះ សំដៅជួយសម្រួលនិងរក្សាលំនឹងជីវភាពរបស់ពលរដ្ឋស៊ីវិលស្លូតត្រង់ទាំងនោះ។ ចំណែកពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅវិញបាននៅឡើយ ត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនជម្រកដែលមានលក្ខណៈសមរម្យដើម្បីស្នាក់នៅបណ្តោះអាសន្នក្នុងភូមិរង់ចាំ ទម្រាំបញ្ហាព្រំដែនត្រូវបានដោះស្រាយរួចរាល់ដែលអនុញ្ញាតឱ្យពួកគេអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញនាពេលខាងមុខ។

ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលកំពុងបន្តការងារការទូតយ៉ាងសកម្មដើម្បីជំរុញភាគីថៃឱ្យគោរពកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយគ្នាសំដៅដោះស្រាយបញ្ហាព្រំដែនឱ្យបានឆាប់និងជាស្ថាពរ ជាពិសេសការអនុវត្តចំណុចទី៣ នៃសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលប្រគល់ភារកិច្ចឱ្យគណៈកម្មការ JBC ចុះវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុតដោយផ្តល់អាទិភាពដល់ទីតាំងដែលរងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ។ គោលដៅចម្បងបំផុតនៃចំណុចនេះ គឺដើម្បីអនុញ្ញាតឱ្យជនស៊ីវិលត្រឡប់ទៅផ្ទះសម្បែងវិញសោយសុវត្ថិភាព ដោយគ្មានការរារាំង និងដោយសេចក្តីថ្លៃថ្នូរ ស្របតាមច្បាប់អន្តរជាតិ និងក៏ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយធានាបាននូវនិរន្តរភាព និងសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។

ទន្ទឹមនឹងការរំលោភបំពានធ្ងន់ធ្ងរលើជនភៀសសឹកកម្ពុជា កងកម្លាំងយោធាថៃក៏បានបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលយ៉ាងច្រើន រហូតដល់បំផ្លាញទីតាំងសាសនា ប្រាសាទបូរាណដែលជាបេតិកភណ្ឌវប្បធម៌ពិភពលោក ហើយដែលត្រូវបានចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ។ ជាក់ស្តែង ការខូចខាតយ៉ាងធ្ងន់ធ្ងរនៃប្រាសាទព្រះវិហារ ដោយសារការទម្លាក់គ្រាប់បែក និងគ្រាប់ផ្លោងពីសំណាក់កងទ័ពថៃ គឺជាភស្តុតាងដែលមិនអាចប្រកែកបាន។ ដោយមិនអាចនៅស្ងៀមចំពោះមុខសកម្មភាពរំលោភបំពានជាក់ស្តែងបែបនេះ អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅកម្ពុជា សភានិយាយភាសាបារាំង (APF) និងជនបរទេសដែលមានឥទ្ធិពលក្នុងបណ្តាញសង្គម ក៏ដូចជាសារព័ត៌មានបរទេសល្បីៗជាច្រើនបានចេញមុខនិយាយការពិតនេះជាបន្តបន្ទាប់ ដើម្បីប្រាប់ពិភពលោកឱ្យបានដឹងយ៉ាងទូលំទូលាយ និងទាមទាររកដំណោះស្រាយ។ 

ដំណោះស្រាយពិតប្រាកដគឺ ការគោរពខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ នេះគឺជាជំហរម៉ឺងម៉ាត់របស់កម្ពុជា ក៏ដូចជាការទទូចចង់បានរបស់សហគមន៍អណ្តរជាតិ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយតាមរយៈការប្រើកម្លាំងនោះឡើយ និងសូមបញ្ជាក់ថា បន្លាលួស និងទូរកុងតឺន័រ ឬសំណង់ខុសច្បាប់ផ្សេងទៀតដែលកងទ័ពនិងអាជ្ញាធរថៃបានសាងសង់ជាឯកតោភាគី មិនមែនជាខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះឡើយ៕ដោយ​៖តារា​


ចែករំលែក៖