ព័ត៌មានទាន់ហេតុការណ៍៖

សកម្មភាពការដឹកជញ្ជូន និងរៀបចំទុកដាក់សន្លឹកកិច្ចការរបស់បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិ

ចែករំលែក៖

ភ្នំពេញ៖ នាព្រលប់ថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រធានគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំង ជំនួយការអប្បមាទបានដឹកជញ្ជូនសន្លឹកកិច្ចការរបស់បេក្ខជនមករក្សាទុកនៅយ៉ាងមានសុវត្ថិភាព ដោយមានបិតសាឡេ ការពារនៅលើទ្វារបន្ទប់រក្សាទុកសន្លឹកកិច្ចការក្រោមការត្រួតពិនិត្យដោយមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។ គ្រប់ដំណើរការនៃការប្រឡង ប្រព្រឹត្តទៅដោយការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាបានការដំណើរការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ១០ សីហា ២០២៦ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី១០ និងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដែលមានបេក្ខជនចុះឈ្មោះសរុប ១៥១ ២៣៨នាក់ ស្រី ៨៤ ៧៣៥នាក់ ក្នុងនោះមានបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៣៧ ៤៤៥នាក់ (ស្រី ២២ ១៩៣នាក់) បេក្ខជន ថ្នាក់វិទ្យាសាស្ត្រសង្គម ១១៣ ៧៩៣នាក់ (ស្រី ៦២ ៥៤២នាក់)។

មណ្ឌលប្រឡងសរុប ២៤៤មណ្ឌល ត្រូវជា ៦ ១០៤បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន ៦៨មណ្ឌល ត្រូវជា១ ៥២៦បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម១៧៦ មណ្ឌល ត្រូវជា ៤ ៥៧៨បន្ទប់។ ចំនួនគណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការនានានៅក្នុងដំណើរ ការសំណេរសរុប ៣៣ ៧៤៧នាក់។

ដំណើរការសំណេរបានប្រព្រឹត្តទៅដោយរលូន សភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ក្រោមការយកចិត្ត ទុកដាក់បំពេញតួនាទី ភារកិច្ច និងទំនួលខុសត្រូវខ្ពស់ពីសំណាក់គណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការ អប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្តាល គណៈកម្មការត្រួតពិនិត្យអគារ និងគណៈកម្មការអនុរក្ស ព្រមទាំងមានការចូលរួមសង្កេតការណ៍ដោយអង្គភាព ប្រឆាំងអំពើពុករលួយ និងកិច្ចសហការល្អពីសហភាពសហព័ន្ធយុវជនកម្ពុជា មន្ត្រីសុខាភិបាល កងកម្លាំង និង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។

បេក្ខជនអវត្តមានសរុប ១ ៣៥២នាក់ (ស្រី ៥០២នាក់) ស្មើនឹង ០,៨៩ភាគរយ ក្នុងនោះ បេក្ខជន ស្វ័យរិនចំនួន ១ ១៤៧នាក់ (ស្រី៤០៧នាក់) និងបេក្ខជនចំណេះទូទៅចំនួន ២០៥នាក់ (ស្រី៩៥នាក់)។ បេក្ខជនមានបញ្ហាសុខភាពសរុប ២៦៧នាក់ ក្នុងនោះបេក្ខជនបានបោះបង់ការប្រឡងចំនួន ១៨នាក់ បេក្ខជន បន្តការប្រឡងដាច់ដោយឡែក ៦៥នាក់ បេក្ខជនមានជំងឺគ្រុនឈាមចំនួន ៦៦នាក់ និងគ្រោះថ្នាក់ ចរាចរណ៍១០នាក់។ ដោយឡែក គណៈមេប្រយោគមានបញ្ហាសុខភាពសរុប ២៥នាក់។

សូមជម្រាបជូនថា ចំពោះដំណើរការសំណេរបានបញ្ចប់នៅម៉ោង ១៦:៣០រសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦៕

ដោយ៖តារា


ចែករំលែក៖