ខេត្តត្បូងឃ្មុំ៖ មន្ត្រីរដ្ឋបាលខេត្តត្បូងឃ្មុំបានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ខែសីហានេះថាកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារចម្រុះ ដឹកនាំ និងសម្របសម្រួលនីតិវិធីដោយលោក កែវ ភក្តី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានចុះធ្វើរដ្ឋបាលចំហរ និងត្រួតពិនិត្យទីតាំងចំនួន ២ ក្នុងភូមិសាស្ត្រឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យស្ថានភាពការស្នាក់នៅ និងការអនុវត្តតាមបទប្បញ្ញត្តិពាក់ព័ន្ធរបស់ប្រជាពលរដ្ឋ និងជនបរទេសនៅក្នុងមូលដ្ឋាន។
ទីតាំងទី១ គឺឃ្លាំងលក់សម្ភារៈដែលមានយីហោ «វ៉ាន់ស៊ីន» មានម្ចាស់ទីតាំងឈ្មោះ ZHANG JINGCAI ភេទប្រុស កើតថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩៨១ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EK7954455 និងបច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ននៅភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ក្នុងការត្រួតពិនិត្យ ក្រុមការងារបានរកឃើញមនុស្សកំពុងស្នាក់នៅចំនួន ៣នាក់ ក្នុងនោះមានជនជាតិខ្មែរ ១នាក់ និងជនជាតិចិន ២នាក់។ ជនជាតិចិនទាំង ២នាក់ មានលិខិតឆ្លងដែន និងទិដ្ឋាការស្នាក់នៅត្រឹមត្រូវតាមច្បាប់ ប៉ុន្តែមិនទាន់បានចុះបញ្ជីក្នុងប្រព័ន្ធគ្រប់គ្រងជនបរទេស FPCS នៅឡើយ។
ទីតាំងទី២ គឺបន្ទប់ជួលដែលមានយីហោ «ប៉ិនហ្វូរ ខុនដូរ» មានចំនួន ១២ខ្នង សរុប ៧៥បន្ទប់ មានម្ចាស់ទីតាំងឈ្មោះ LI RUSHAN ភេទប្រុស កើតថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩៧០ ជនជាតិចិន និងបច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ននៅភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
នៅទីតាំងនេះ ក្រុមការងារបានរកឃើញមនុស្សកំពុងស្នាក់នៅចំនួន ៥នាក់ រួមមានជនជាតិខ្មែរ ១នាក់ ភេទប្រុស ជនជាតិវៀតណាម ១នាក់ ភេទស្រី និងជនជាតិចិន ៣នាក់ ភេទប្រុស។ តាមការត្រួតពិនិត្យ អ្នកស្នាក់នៅជាជនបរទេសទាំងអស់ មានលិខិតឆ្លងដែន និងទិដ្ឋាការស្នាក់នៅត្រឹមត្រូវតាមច្បាប់។
ដោយមានការអនុញ្ញាត និងការចូលរួមសហការពីម្ចាស់ទីតាំង ក្រុមការងារបានចុះត្រួតពិនិត្យតាមបន្ទប់នីមួយៗនៅក្នុងបរិវេណខុនដូរ។ ជាលទ្ធផល ក្រុមការងារពុំបានរកឃើញសម្ភារៈ ឬវត្ថុអ្វីដែលគួរឱ្យកត់សម្គាល់នោះទេ។
ការចុះរដ្ឋបាលចំហរនេះ គឺជាផ្នែកមួយនៃការពង្រឹងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់នៅតាមមូលដ្ឋាន ជាពិសេសការគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេស និងការត្រួតពិនិត្យស្ថានភាពនៅតាមទីតាំងអាជីវកម្ម និងបន្ទប់ជួលនានា។
បន្ទាប់ពីបញ្ចប់ការងារនៅទីតាំងទាំង ២ ក្រុមការងារបានបន្តចុះធ្វើរដ្ឋបាលតាម អនុក្រឹត្យលេខ ០៣ ដោយបន្តពិនិត្យ និងណែនាំដល់ម្ចាស់ទីតាំងឱ្យអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដើម្បីចូលរួមរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច