ព័ត៌មានទាន់ហេតុការណ៍៖

សមយុទ្ធ ការ៉ាត់ លើកទី៧ រវាងទាហានអាមេរិកជើងទឹកនិងកម្ពុជា ចាប់ផ្តើមនៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យយោធានិងលើកកម្ពស់សន្តិសុខលំហរសមុទ្រក៏ដូចជាផ្លាស់ប្តូរបទពិសោធន៍រវាងកងទ័ពជើងទឹកនៃប្រទេសទាំង២ឲ្យកាន់តែរឹងមាំនិងល្អប្រសើរថែមទៀត ទាហានជើងទឹកអាមរិក និងទាហានជើងទឹកកម្ពុជា បានធ្វើ សមយុទ្ធប្រចាំឆ្នាំលើកទី៧នាមូលដ្ឋានជើងទឹករាម ដែលមានឈ្មោះថា Cooperation Afloat Readiness and Training ឬ CARAT នៅថ្ងៃទី៣១តុលា។

លោក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសុទ្រ បានថ្លែងនៅក្នុងពិធីបើកហ្វឹកហ្វឺនការរ៉ាត់ថា ៖ ឆ្លងកាត់បាន៥លើកនៃលំហាត់ហ្វឹកហ្វឺនការរ៉ាត់រួមគ្នា រវាងកងទ័ពជើងទឹកប្រទេសទាំងពីរ (កម្ពុជា-សហរដ្ឋអាមេរិក) សម្រេចបាន លទ្ធផល ជាទីមោទន លើលំហាត់ហ្វឹកហ្វឺន ការ៉ាត់ ប្រចាំឆ្នាំ វាមិនត្រឹមតែជួយលើកកម្ពស់សមត្ថភាព ចំណេះដឹង ដល់នាយនាវី ពលនាវី កងទ័ពជើងទឹកប្រទេសទាំងពីរនោះទេ ថែមទាំងបានជួយពង្រឹង និង ពង្រីកចំណងសាមគ្គីភាព មិត្តភាព កិច្ចសហការល្អ រវាងប្រទេសទាំងពីរ ជាពិសេសបានធ្វើឲ្យកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងទឹកសហរដ្ឋអាមេរិក ឲ្យកាន់តែរឹងមាំថែមទៀត។

លោក អ៊ុក សីហា បន្តថា បើយើងក្រឡេកមើលទៅលើផ្ទៃសមុទ្រ ទាំងដែនអធិបតេយ្យភាព ប្រទេសនិមួយៗ និងលម្ហសមុទ្រអន្តរជាតិ មានការប្រឈមទៅនឹងការគំរាមកំហែង ហានិភ័យជាច្រើន ដូចជាការប្លន់ប្រដាប់អាវុធ ចោរសមុទ្រ ការរត់ពន្ធរំសេវជាតិផ្ទុះ គ្រឿងញៀន ការចាប់ជំរិត ជួញដូរមនុស្ស និងភ័យន្តរាយផ្សេងៗ ពីគ្រោះធម្មជាតិ ជាច្រើនទៀត ដែលចាំបាច់ត្រូវតែមាន កិច្ចសហការល្អ ពីបណ្តាកងទ័ព ជើងទឹក ទាំងនៅក្នុង តំបន់ និងអន្តរជាតិ ក្នុងការចូលរួមត្រួតពិនិត្យឆែកឆេរ រុករកជួយសង្រ្គោះ និងការផ្តល់ជំនួយសង្គ្រោះ បន្ទាន់ នានា ក្នុងគោលបំណងរក្សាឲ្យបាននូវ សុខសន្តិភាព ស្ថេរភាព សុវត្ថិភាព លើផ្ទៃសមុទ្រ។

លោកស្រី ជូ លីជុង (Ju Lie Chung) អនុប្រធានបេសកកម្ម ស្ថានទូតសហរដ្ឋអាមរិក ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ការ៉ាត់ជាសមយុទ្ធទ្វេភាគី ដែលធ្វើជាបន្តបន្ទាប់ ដោយកងទ័ពជើងទឹក កងម៉ារីនអាមេរិក និងកងទ័ពបង់ក្លាដែស ប៊្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សង្ហបុរី ថៃ និងទីម័រខាងកើត។

លោកស្រីថា ការ៉ាត់ ឆ្នាំ២០១៦ ជាសមយុទ្ធដែលមានភាពស្មុគស្មាញបំផុត។ ជាង២ទសវត្សកន្លងមក សមយុទ្ធនេះបានធ្វើឲ្យកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងដៃគូនៅតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍មានភាពយូរអង្វែង។

លោកវរសេនីយ៍ឯក Erich Diehl មេបញ្ជាការប្រចាំនៅបញ្ជាការរដ្ឋានសម្រាប់តំបន់អាសីប៉ាស៊ីហ្វិកនៃកងទ័ពនៅបរទេសរបស់សហរដ្ឋអាមេរិកមានប្រសាសន៍ថា កងទ័ពជើងទឹកយើងចូលរួមសមយុទ្ធលើកនេះមានគោលដៅរួម ដើម្បីបង្កើនភាពត្រៀមជាស្រេច និងអន្តរប្រតិបត្តិការ និងផ្តល់ឱកាសពិសេសសម្រាប់ធ្វើការនិងរៀនពីកងទ័ពកម្ពុជាហើយបង្កើនសមត្ថភាពស្នូលរបស់ខ្លួនក្នុងការបំពេញបេសកកម្មក្រៅប្រទេស។

លោកថា នៅក្នុងសមយុទ្ធការ៉ាត់នេះភាគីទាំង២និងកងម៉ារីនផងនោះនិងរួមគ្នាហ្វឹកហ្វឺនទាំងផ្នែកបញ្ជាការនិងគ្រប់គ្រងយុទ្ធវិធីតាមអង្គភាពតូចៗដោយប្រតិបត្តិការលើគោក បង្ការជំងឹ ការជួសជុលនិងប្រើប្រាស់ទូកសម្រាប់ប្រតិបត្តិការ។

លោកវរសេន៍យ៍ឯក Jeffrey Kilian មេបញ្ជាការនៃកងវរសេនាធំទី៣០ ផ្នែកសំណង់ជើងទឹកមានប្រសាសន៍ថា សប្តាហ៍នេះនិងរំពឹងថាមានឱកាសសម្រាប់ពង្រឹងទំនាក់ទំនងដ៏យូលុងរបស់យើងជាមួយកងយោទ្ធពលខេមរភូមិន្ទ និងចាត់ទុកសមយុទ្ធនេះជាព្រឹត្តិការសំខាន់មួយធ្វើឲ្យប្រទេសទាំង២កាន់តែមានភាពជិតស្និតនិងគ្នា ហើយជាគំរូសម្រាប់កងកម្លាំងធ្វើការជាមួយគ្នាទាក់ទងនិងអាទិភាពសន្តិសុខលំហរសមុទ្រ និងលើកកម្ពស់អន្តរប្រតិបត្តិការ៕
image1-13

image2-13

image3-11

image4-7

image6-8

image9-4


ចែករំលែក៖