ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនសង្ស័យ៣នាក់រឹបអូសម៉ាទឹកកក១៦កញ្ចប់ យ៉ាម៉ា១៤៤គ្រាប់ និងអាវុធជាច្រើនដើម

ចែករំលែក៖

ខេត្តកណ្ដាល ៖ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្ម ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបង្រ្កាបចាប់ខ្លួន ព្រមទាំងរឹបអូសវត្ថុតាងថ្នាំញៀនប្រភេទមេ តំហ្វេតាមីនហៅម៉ាទឹកកកចំនួន៣កញ្ចប់ធំ-១៣កញ្ចប់តូច, ថ្នាំញៀនប្រភេទយ៉ាម៉ា(WY)១៤៤គ្រាប់, កាំភ្លើងច្នៃ១ដើម, ដាវសាមូរ៉ៃ៥ដើម, ម៉ូតូ៤គ្រឿង និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត ។

ចំពោះជនសង្ស័យនិងវត្ថុតាងពាក់ព័ន្ធត្រូវ បានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ដកណ្ដាល នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ប្រតិបត្ដិការបង្ក្រាបចាប់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនខាងលើនេះធ្វើឡើង កាលពីថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១៨និង៤០នាទី ស្ថិតក្នុងភូមិទួលសេរី ឃុំទួលព្រេច ស្រុកអង្គស្នួល ។ ជនសង្ស័យដែលត្រូវបានចាប់ខ្លួនទី១-ឈ្មោះជុក ម៉េង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទី២-ឈ្មោះប៊ុន គ្រី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សាដែក ទាំង២នាក់នេះមានទីលំនៅភូមិអំពិលទឹក ឃុំចាន់សែន ស្រុកឧត្ដង្គ ខេត្ដកំពង់ស្ពឺ និងទី៣-ឈ្មោះ ប៉ែន តុលា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ មានទីលំនៅភូមិអង្គទំលាប់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។

អធិការនគរបាលស្រុងអង្គស្នួលលោកវរសេនីយ៍ទោ មាន សំណាង បានថ្លែងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានក្រុមជនសង្ស័យធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅក្នុងភូមិសាស្រ្ដឃុំទួលព្រេចរួចមក លោកបានដឹកនាំកម្លាំងនគរបាលចុះធ្វើការស្រាវជ្រាវរហូតឈានដល់បង្រ្កាបចាប់ខ្លួនជនសង្ស័យទាំង៣នាក់ ។

លោកវរសេនីយ៍ទោ មាន សំណាង ក្រោយមកទើបលោកសុំគោលការណ៍ពីលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដនិងសុំការឯកភាពពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដកណ្ដាល ឆែកឆេរលំនៅដ្ឋានផ្ទះស្នាក់នៅរបស់ជនសង្ស័យ រឹបអូសវត្ថុតាងពាក់ព័ន្ធ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
kdal-2

kdal-9


ចែករំលែក៖