ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការជំនាញរដ្ឋសភា ពិនិត្យ និងពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម​ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ជាមួយតំណាងរាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​ប្រភពព័ត៌មាន​ពី​រដ្ឋសភាកម្ពុជា​ បានឱ្យដឹងថា​ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ​២០២៦​នេះ​ គណៈកម្មការមហាផ្ទៃ ការពារជាតិនិងមុខងារសាធារណៈ នៃរដ្ឋសភា (គណៈ​កម្មការទី៤) ដឹកនាំដោយ លោក កែប ជុតិមា និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា​(គណៈកម្មការទី៦)ដឹកនាំដោយ លោក​ អង្គ វង្ស វឌ្ឍានា បានជួបប្រជុំពិនិត្យនិងពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​​ឃុំ សង្កាត់ ជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ លោក សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួល​បន្ទុក​បេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការ​ជាតិសម្រាប់ការអភិវឌ្ឍ​តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោក​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

កិច្ចប្រជុំមានការចូលរួមពីលោក លោកស្រី​ ជាសមាជិក សមាជិកានៃគណៈកម្មការ​ជំនាញ​នានារបស់រដ្ឋសភា និងសហការីពាក់ព័ន្ធជាច្រើនរូប។

ក្នុងកិច្ចប្រជុំនេះ លោក សក់ សេដ្ឋា បានលើកឡើងថា ក្នុងរយៈពេលជាង ២៥ឆ្នាំកន្លងមក ច្បាប់ស្តីពីការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ- សង្កាត់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការ​ពង្រឹងអភិបាលកិច្ចថ្នាក់​មូលដ្ឋាន និងការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបាន ការអនុវត្តជាក់ស្តែងក៏បានបង្ហាញពីបញ្ហា​ប្រឈមមួយ​ចំនួន ដែលតម្រូវឱ្យមានការកែលម្អបទប្បញ្ញត្តិពាក់ព័ន្ធនឹង​ការកំណត់មុខតំណែងថ្នាក់ដឹកនាំ​រដ្ឋបាលឃុំ សង្កាត់ ដើម្បីបង្កើនប្រសិទ្ធភាព និងឯកភាពក្នុងការដឹកនាំ និងគ្រប់គ្រងរដ្ឋបាល​មូលដ្ឋាន។

ជាងនេះទៀត លោក​បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដោយឈរ​លើគោលការណ៍នីតិរដ្ឋ ការគោរពរដ្ឋធម្មនុញ្ញ និងការពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយមិនមានគោលបំណងកែប្រែប្រព័ន្ធបោះឆ្នោត ឬរូបមន្តបែងចែកអាសនៈដែល​មានចែង​ក្នុងច្បាប់ជាធរមានឡើយ។ ផ្ទុយទៅវិញ សេចក្តីព្រាងច្បាប់មានគោលបំណង​កែលម្អការ​គ្រប់​គ្រងរដ្ឋបាលឃុំ-សង្កាត់ បន្ទាប់ពីការបោះឆ្នោត ដើម្បីធានាប្រសិទ្ធភាពនៃការដឹកនាំ និងការ​អនុវត្តការងាររដ្ឋបាល។

សូមជម្រាបថា៖សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពង្រឹងអភិបាល​កិច្ច​ល្អ និងនីតិរដ្ឋនៅថ្នាក់មូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាព និងឯកភាពក្នុងការដឹកនាំ និងគ្រប់គ្រង​រដ្ឋបាលឃុំ-សង្កាត់ ពង្រឹងស្ថិរភាព និងនិរន្តរភាពនៃការអនុវត្តគោលនយោបាយ និងកម្មវិធី​អភិ​វឌ្ឍន៍នៅមូលដ្ឋានបង្កើនគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងពង្រឹងសមត្ថភាពរដ្ឋបាលឃុំ-សង្កាត់ ក្នុងការឆ្លើយតបនឹងតម្រូវការ និងផលប្រយោជន៍​របស់ប្រជាពលរដ្ឋ។

សេចក្តីព្រាងច្បាប់នេះ មានចំនួន ២មាត្រា។មាត្រាមួយ៖ ចែងអំពីការធ្វើវិសោធនកម្ម​ដោយកែ​ប្រែ​មាត្រាចំនួន ៤ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ -សង្កាត់ រួមមានមាត្រា៣៣ មាត្រា៣៤ មាត្រា​៣៥ និងមាត្រា៣៨។មាត្រាពីរ៖ ចែងអំពីការអនុវត្តបទប្បញ្ញត្តិនៃច្បាប់នេះ ចាប់ពីការរៀបចំ​ការ​បោះ​ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណត្តិទី៦ តទៅ។

បន្ទាប់ពីបានស្តាប់ការបំភ្លឺ និងពិភាក្សាយ៉ាងលម្អិតលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ឯកឧត្តម កែប ជុតិមា និងសមាជិក សមាជិកានៃគណៈកម្មការជំនាញនានារបស់រដ្ឋសភា បានសម្តែង​ការគាំទ្រសេចក្តីព្រាងច្បាប់នេះទាំងស្រុង ដោយពុំមានការកែប្រែនោះឡើយ។

ជាលទ្ធផល គណៈកម្មការទី៤និងគណៈកម្មការទី៦នឹងធ្វើសេចក្តីរាយការណ៍​ជូនគណៈកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យ និងសម្រេចដាក់បញ្ចូលក្នុងរបៀបវារៈ​សម័យប្រជុំពេញអង្គ​រដ្ឋសភា សម្រាប់ពិនិត្យ និងអនុម័តនាពេលខាងមុខ៕ដោយ​៖តារា​


ចែករំលែក៖