ព័ត៌មានទាន់ហេតុការណ៍៖

FBI លាក់ភស្តុតាងពីទំនាក់ទំនងរបស់លោកត្រាំនិងរុស្ស៊ី

ចែករំលែក៖

សមាជិកព្រឹទ្ធសភាអាមេរិកលោក Harry Reid មេដឹកនាំគណបក្សប្រជាធិបតេយ្យនៅក្នុងព្រឹទ្ធសភាអាមេរិកបានលើកឡើងថា ក្រុម FBI បានលាក់បាំងព័ត៌មានពីទំនាក់ទំនងរវាងលោក ដូណាល់ ត្រាំ នឹងរុស្ស៊ី។

នៅក្នុងសារលិខិតផ្ញើទៅកាន់ប្រធាន ក្រុម FBI លោក James Comey កាលពី ថ្ងៃទី៣០ ខែតុលា លោក Harry Reid បានបញ្ជាក់ថា ក្រុមនេះបានលាក់បាំងព័ត៌មានពីទំនាក់ទំនងរវាងលោក ត្រាំ នឹងរដ្ឋា ភិបាលរុស្ស៊ី។ នៅក្នុងលិខិតបានបញ្ជាក់ ថា «ជាការពិតណាស់អស់លោកបានលាក់ បាំងទំនាក់ទំនងខាងលើ។ គួរណាស់តែ ត្រូវបានលាតត្រដាងឲ្យបានច្បាស់លាស់។

លោក Harry Reid បញ្ជាក់ទៀតថា ប្រធានក្រុម FBI បានប្រញាប់ប្រញាល់ ផ្តល់ព័ត៌មានស្តីពីអុីម៉េលរបស់លោកស្រីហ៊ីលឡារី គ្លីនតុន ។ ក្នុងពេលជាមួយគ្នានោះ លោក James Comey បែរជាស្ងៀមស្ងាត់ ចំពោះទំនាក់ទំនងរវាងលោកត្រាំជាមួយ រុស្ស៊ីទៅវិញ។

កាលពីថ្ងៃទី៧ខែតុលារដ្ឋាភិបាលអាមេរិកបានចោទប្រកាន់ជាផ្លូវការថា រុស្ស៊ីបានជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតអាមេរិក។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់រុស្ស៊ីបានច្រានចោលការ ចោទប្រកាន់ទាំងនោះ។ កាលពីថ្ងៃទី២៧ ខែតុលា លោក ពូទីន បានបញ្ជាក់ថា រុស្ស៊ីមិនចាប់អារម្មណ៍ចំពោះការបោះឆ្នោតប្រធានាធិបតីអាមេរិកនោះឡើយ ប៉ុន្តែរុស្ស៊ីនឹងសហការជាមួយអ្នកដែលជាប់ឆ្នោតបើទោះ ជាលោក ត្រាំ ឬលោកស្រី គ្លីនតុន ក្តី។

លោក ដូណាល់ ត្រាំ ពិតជាបុគ្គលដែល ធ្វើឲ្យអាមេរិកច្របូកច្របល់ដោយសារតែគោលនយោបាយខុសប្លែកពីបេក្ខភាពប្រធានាធិបតីនានាទាំងអស់របស់អាមេរិក។ ពិសេសគឺទង្វើនិងអាកប្បកិរិយារបស់លោក មិនស័ក្តិសមនឹងកាន់តំណែងប្រធានាធិបតី ដឹកនាំអាមេរិកនិងពិភពលោកបានឡើយ។ ចំណុចទាំងនោះបានជាកន្លងមកអង្គការសហប្រជាជាតិបានប្រកាសថាពិភពលោក នឹងគ្រោះថ្នាក់បើលោក ត្រាំ ជាប់ជាប្រធា នាធិបតី។

កន្លងមកឧត្តមស្នងការអង្គការសហ ប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោក Zeid Raad al Husein បានឲ្យដឹងថា ប្រសិនបើលោក ដូណាល់ ត្រាំ ជាប់ឆ្នោត ជាប្រធានាធិបតីអាមេរិកនៅក្នុងការបោះឆ្នោតខែវិច្ឆិកាគឺជារឿងដ៏គ្រោះថ្នាក់។ លោក បញ្ជាក់ទៀតថា លោក ត្រាំ គឺជាបុគ្គលគ្រោះថ្នាក់ទាំងទស្សនៈនយោបាយអន្តរ ជាតិ។

លោក Al Sussein បានលើកឡើងពី ទស្សនៈខាងលើនៅក្នុងសន្និសីទកាសែត ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វុីសស្តីពីស្ថាន ភាពនៅក្នុងប្រទេសស៊ីរី យេមែន និងតំបន់ សមុទ្រ Sahara ។ លោកបានថ្កោលទោស ទៅលើទស្សនៈរបស់លោក ដូណាល់ ត្រាំ ទៅលើសហគមន៍ដែលងាយរងគ្រោះក្នុង នោះមានក្រុមជនជាតិភាគតិចនៅអាមេ រិក។ លើសពីនេះទៅទៀតលោក ត្រាំ មានការប្រកាន់ពូជសាសន៍ និងសាសនា។

ការគាំទ្ររបស់ពលរដ្ឋអាមេរិកទៅលើលោក ត្រាំ កាន់តែធ្លាក់ចុះខ្លាំងឡើងពី មួយថ្ងៃទៅមួយថ្ងៃ ទាំងនោះហើយធ្វើឲ្យ តំណែងប្រធានាធិបតីអាមេរិកនឹងបានទៅលើលោកស្រី ហ៊ីលឡារី គ្លីនតុន ជាមិន ខាន។

អ្វីដែលគួរឲ្យគាត់សម្គាល់នោះអ្នកផ្តល់ជំនួយដ៏សំខាន់ពីររូបឲ្យលោក ដូណាល់ ត្រាំ ក្នុងយុទ្ធនាការបោះឆ្នោតពេលនេះបាន ទាមទារប្រាក់ដែលបានផ្តល់ឲ្យត្រឡប់មកវិញ ដោយសារតែលោក ត្រាំ ធ្វើឲ្យបាត់បង់ ទំនុកចិត្ត។

សារព័ត៌មាន NBC news បានដកស្រង់ ការប្រកាសរបស់អ្នកផ្តល់ជំនួយដល់លោក ដូណាល់ ត្រាំ ថា «ខ្ញុំពិតជាខកចិត្តចំពោះហេតុការណ៍ពាក់ព័ន្ធនឹងលោក ដូណាល់ ត្រាំ ។ ខ្ញុំពិតជាសោកស្តាយដែលបានអំពាវ នាវឲ្យមានការគាំទ្រដល់លោក ត្រាំ និងឲ្យ កូនប្រុសចូលរួមជាមួយលោក ត្រាំ ។ ខ្ញុំ សូមស្នើដល់មូលនិធិលោក ត្រាំ សងប្រាក់ មកវិញ»។

អ្នកគាំទ្រដទៃទៀតក៏បានស្នើដល់មូលនិធិលោក ត្រាំ សងប្រាក់វិញដែរ ក្រោយ ពេលដែលបែកធ្លាយវីដេអូលោក ត្រាំ ស្ទាប អង្អែលបៀតបៀនកេរ្តិ៍ខ្មាសស្ត្រី។ «ខ្ញុំមិន អាចគាំទ្រមនុស្សម្នាក់ដែលប្រកាន់វណ្ណៈ ប្រកាន់ភេទនោះឡើយ។

លើសពីនេះទៅទៀតលោក ដូណាល់ ត្រាំ ទទួលរងការរិះគន់យ៉ាងខ្លាំងពីមន្ត្រីនៅក្នុងគណបក្សសាធារណរដ្ឋប្រកាស ដកការគាំទ្រលោក ដូណាល់ ត្រាំ ក្នុងនោះ មានទាំងប្រធានរដ្ឋសភាលោក Paul Ryan ផងដែរ៕ ម៉ែវ សាធី

putin-and-trump


ចែករំលែក៖