ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យឯកជនមួយកន្លែង ចំណែកឯបុរសម្នាក់ទៀតនៅមានជីវិតក្រោយពេលពួកគេមកសុំតភ្លើងនៅផ្ទះពលរដ្ឋក្បែរនោះដើម្បីចុះទៅឆក់ត្រីនៅក្នុងប្រឡាយ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤:៣០នាទីរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិព្រៃកុត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ទន់ ដាវីត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រសនៅស្រុកពញាឮ ខេត្តកណ្ដាល។
បើតាមសម្ដីរបស់ម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកើតហេតុដោយរូបគាត់ឃើញបុរសទាំង២នាក់ដើរមកពីចម្ងាយហើយបានចូលមកសុំតភ្លើងនៅក្នុងផ្ទះរបស់គាត់ដើម្បីចុះទៅឆក់ត្រីទុកហូបនោះគាត់ក៏អាណិតអោយបុរសទាំង២នាក់នោះយកខ្សែភ្លើងមកដោត នឹងបន្ទះហ្វ្រុីភ្លើងរបស់គាត់។បន្ទាប់ពី
ដោតហ្រ្វីរួចជនរងគ្រោះបានចុះទៅឆក់ត្រីនៅក្នុងប្រឡាយ ចំណែកឯបុរសម្នាក់ទៀតដែលមកជាមួយគ្នានៅលើគោកចាំយកត្រី ភ្លាមៗនោះស្រាប់តែឆ្លងចរន្តបណ្តាលឲ្យឆក់បុរសរងគ្រោះដួលនៅក្នុងប្រឡាយទឹក ខណៈបុរសម្នាក់ទៀតដែលមកជាមួយគ្នារត់ទៅដកខ្សែភ្លើងចេញពីហ្រ្វី ហើយហៅម៉ូតូកង់បីដឹកជនរងគ្រោះទៅមន្ទីរពេទ្យឯកជនមួយកន្លែងនៅក្បែរនោះ ពេលបញ្ជូនទៅដល់ក្រុមគ្រូពេទ្យពិនិត្យហើយបានបញ្ជាក់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ រួចក៏បានដឹកសពមកកន្លែងកើតហេតុវិញនាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកកន្លែងសពភ្លាមៗ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់យកខ្សែហ៊ុមព័ទ្ធជុំវិញសព រួចទាក់ទងទៅមន្ត្រីជំនាញកុសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យចុះមកពិនិត្យ។ ក្រោយមន្ត្រីជំនាញពិនិត្យរួចក៏ធ្វើកំណត់ហេតុប្រគល់សពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច