ខេត្តកំពង់ស្ពឺ៖ កម្លាំងអង្គភាពនគរបាលយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ក្រាបនិងឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៣នាក់ដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ បង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ នៅត្រង់ចំណុចប្រឡាយទឹក ស្ថិតនៅក្នុងភូមិកណ្ដោលដុំ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ក្មេងទំនើងទាំង៣នាក់ដែលត្រូវបានឃាត់ខ្លួនរួមមាន៖
ទី១-ឈ្មោះ ពឿន សុខកេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ
ទី២-ឈ្មោះ វឺន សំបូរ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ និងទី៣- ឈ្មោះ ស៊ឹម ណារ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ។
ជាមួយគ្នានេះ កម្លាំងជំនាញក៏បានដកហូតវត្ថុតាងមួយចំនួន រួមមាន៖ ម៉ូតូ ០១គ្រឿង ម៉ាក HONDA DREAM ឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AB-9104 និងទូរស័ព្ទដៃ ០២គ្រឿងម៉ាក IPHONE។
បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង៣នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ នាំយកមកអប់រំណែនាំនិងធ្វើកិច្ចសន្យាចំពោះមុខឪពុកម្ដាយនិងអាណាព្យាបាល ដើម្បីបញ្ឈប់រាល់សកម្មភាពទំនើងទាំងនេះ ដែលនាំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងឈានទៅដល់ការបំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ និងបង្កការភ័យខ្លាចដល់អ្នកជុំវិញ ជាពិសេសបង្កភាពអនាធិបតេយ្យក្នុងសង្គម។
ចំណែកម៉ូតូត្រូវបានកម្លាំងជំនាញដកហូតយកទៅរក្សាទុករយៈពេល ០៣ខែនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីជាការព្រមាន និងទប់ស្កាត់បទល្មើសស្រដៀងគ្នាកុំឱ្យកើតមានឡើងបន្តទៀត៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច