ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​៖ បើប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដសូមចុះឈ្មោះជាមួយអជ្ញាធរមូលដ្ឋានដើម្បីទទួលបានដី ចៀសវាងការកាប់ទន្ទ្រានដីព្រៃដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ ថ្លែង​តាមរយៈបណ្ដាញ​សង្គម​ហ្វេសប៊ុក សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ បាន​អំពាវនាវដល់ប្រជាពលរដ្ឋ ដែលអត់ដីពិតប្រាកដ សូមចុះឈ្មោះជាមួយអជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានដីចៀសវាងការកាប់ទន្ទ្រានដីព្រៃដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ។

សម្ដេច​ធិបតី បានថ្លែងថា រាជរដ្ឋាភិបាលមានកម្មវិធីសម្រាប់ផ្តល់ដីជូនប្រជាពលរដ្ឋដែលអត់មានដីពិតប្រាកដ ដូចជាកម្មវិធី «គម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច»-LASED (Land Allocation for Social and Economic Development), កម្មវិធីផ្តល់ដីសង្គមកិច្ចជូនអតីតយុទ្ធជន, កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ។ល។ ដែលបានផ្តល់ដីជូនប្រជាពលរដ្ឋរាប់ពាន់គ្រួសារកន្លងមកហើយ។

សម្ដេច​ធិបតីបានថ្លែងថា៖«ហេតុដូច្នេះ បើប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដ សូមចុះឈ្មោះជាមួយអជ្ញាធរមូលដ្ឋាន ចៀសវាងការកាប់ទន្ទ្រានដីព្រៃដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ»។

សម្ដេច​ធិបតី បានថ្លែង​បញ្ជាក់បែបនេះ តាមរយៈការ​ចែករំលែកបន្តជុំវិញវីដេអូសកម្មភាព ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ​ចុះជួបសំណេះសំណាល និងដោះស្រាយ​បញ្ហា​ដីធ្លីមួយកន្លែងក្រោយពលរដ្ឋមួយគ្រួសារមានការ​ប៉ះទង្គិចគ្នាជាមួយអ្នកប្រចាំការនៅស្ថានីយស្តារព្រៃឈើឡើងវិញ ស្ថិតនៅឃុំបឹងល្វា ស្រុកសន្ទុក​ ខេត្តកំពង់ធំ ដើម្បីទទួលបាននូវទិដ្ឋភាពជារួមនៃបញ្ហាលើទីតាំងកើតហេតុផ្ទាល់។

សូមជម្រាបថា នៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ «គោលនយោបាយផ្ដល់ដីសម្បទានសង្គមកិច្ច» ជាយន្តការគន្លឹះដ៏សំខាន់ ដើម្បីដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋក្រីក្រ សហគមន៍ជនជាតិដើមភាគតិច និងអ្នកដែលខ្វះខាតដីពិតប្រាកដ។ គោលនយោបាយនេះត្រូវបានអនុវត្តស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (មុំទី៤ នៃបញ្ចកោណទី៤) របស់រដ្ឋាភិបាល ដោយផ្តោតលើកម្មវិធីសំខាន់ៗដូចជា៖ ១. គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED III) ដែលរាជរដ្ឋាភិបាលបាននិងកំពុងបន្តជំរុញយ៉ាងសកម្មនូវ គម្រោង LASED III ដែលជាគម្រោងសហការរវាងក្រសួងរៀបចំដែនដី និងធនាគារពិភពលោក។ ២. កម្មវិធីដីសម្បទានសង្គមកិច្ចពិសេសគាំទ្រពលករ (LASED III-40) ដែលនេះជាកម្មវិធីថ្មីបន្ថែមផ្ដួចផ្ដើមឡើងក្នុងអាណត្តិទី៧នេះ ក្នុងគោលដៅផ្តោតលើការកំណត់ទីតាំងដីសម្បទានដើម្បី «គាំទ្រដល់ពលករខ្មែរដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅ ដែលបានវិលត្រឡប់មកពីប្រទេសថៃ» ដើម្បីជួយសង្គ្រោះពលករក្រីក្រដែលគ្មានទីពឹង ឱ្យមានដីធ្លីពិតប្រាកដសម្រាប់បង្កបង្កើនផល បង្កើតប្រភពចំណូលនៅស្រុកកំណើត និងកាត់បន្ថយការចំណាកស្រុកបន្តទៀត។

រាជរដ្ឋាភិបាលក៏មាន គោលការណ៍ «ផ្ដល់ដី ពង្រឹងការការពារព្រៃឈើ» ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលគំនិតក្នុងការរៀបចំដីសម្បទានសង្គមកិច្ចជូនពលរដ្ឋខ្វះដីពិតប្រាកដ ក្នុងទម្រង់ជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ក្នុងនោះពលរដ្ឋទទួលបានដី និងការអភិវឌ្ឍជីវភាពនៅនឹងកន្លែង និងការពង្រាយពលរដ្ឋឱ្យទៅរស់នៅ និងបង្កើតសហគមន៍នៅតំបន់ទាំងនោះ ក៏ជាឱកាសឱ្យពួកគាត់ចូលរួមចំណែកការពារដីរដ្ឋ និងការពារព្រៃឈើជុំវិញនោះពីការទន្ទ្រានខុសច្បាប់ផងដែរ។

សរុបមក គោលនយោបាយអាណត្តិទី៧ មិនត្រឹមតែដោះស្រាយបញ្ហាអត់ដីដោយការ «ចែកដី» ប៉ុណ្ណោះទេ ប៉ុន្តែរដ្ឋាភិបាលបានភ្ជាប់ទៅនឹងការ «អភិវឌ្ឍជីវភាព» ដោយធានាថាពលរដ្ឋក្រីក្រពិតប្រាកដទទួលបានដីហើយ មានសមត្ថភាពបង្កើតចំណូល និងរស់នៅបានយូរអង្វែង៕ដោយ​៖តារា​


ចែករំលែក៖