ភ្នំពេញ÷ កាលពីនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ វរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានដឹកនាំកម្លាំងចុះបង្ក្រាបករណីកំហែងយកប្រាក់នៅចំណុចតាមផ្លូវបេតុង ត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
*ជនសង្ស័យ ឈ្មោះ NHD Rizwy ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មុខរបរ(មិនពិតប្រាកដ) ស្នាក់នៅចល័តក្នុងរាជធានីភ្នំពេញ ។ (មានសារធាតុញៀន និងគ្មានលិខិតឆ្លងដែន)
*ជនរងគ្រោះ ឈ្មោះ Wiranto Dias Putra Rukmani ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មុខរបរ(មិនពិតប្រាកដ) ស្នាក់នៅចល័តក្នុងរាជធានីភ្នំពេញ។ (គ្មានលិខិតឆ្លងដែន)
សូមបញ្ជាក់ថា: កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ជនរងគ្រោះ និងជនសង្ស័យ បានជួបគ្នានៅមុខស្ថានទូតឥណ្ឌូនេស៊ី ពេលនោះ មិត្តភក្តិរបស់ជនសង្ស័យ បាន ឱ្យកាំភ្លើង ០១ដើម (កាំភ្លើងដែកកេះ)ឲ្យនសង្ស័យខ្ចីប្រើ នៅមុខស្ថានទូតនោះនិងបានស្នាក់នៅជាមួយគ្នា ០១ យប់ ។ លុះរហូតដល់រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ជនសង្ស័យ និងមិត្តភក្តិ រួមទាំងជនរងគ្រោះ ក៏បានពិភាក្សាគ្នា ដើម្បីរកការងារធ្វើ។ ពេលនោះជនរងគ្រោះ បានបបួលជនសង្ស័យ និងមិត្តភក្តិទៅធ្វើការនៅខេត្តព្រះសីហនុ រួចជនរងគ្រោះ បានហៅម៉ូតូកង់បីឥណ្ឌា ជិះជាមួយជនសង្ស័យ និងមិត្តភក្តិ០២នាក់នោះ ចេញពីម្ដុំស្ថានទូតឥណ្ឌូនេស៊ី ។
ពេលមកដល់ផ្លូវល្បឿនលឿន វេលាម៉ោងប្រហែល ២:០០ នាទី (រំលងអធ្រាត្រ) ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ដោយមិនមានលុយឱ្យថ្លៃម៉ូតូកង់បីនោះ ក៏នាំគ្នាចុះពីម៉ូតូកង់បី រត់គេចខ្លួន រៀងៗខ្លួន។ ជនសង្ស័យ និងជនរងគ្រោះ រត់ទៅជាមួយគ្នា , ចំណែកឯមិត្តភក្តិជនសង្ស័យ ០២នាក់ទៀតនោះ រត់គេចខ្លួនបាត់ ។ ពេលនោះជនរងគ្រោះសួរទៅជនសង្ស័យថា: ទៅធ្វើការនៅខេត្តព្រះសីហនុឬទេ!? បើមិនទៅខ្ញុំឱ្យលុយចំនួន 30$ ជិះម៉ូតូកង់បីត្រឡប់ទៅស្ថានទូតវិញ !។ ជនសង្ស័យបានឆ្លើយថា :អត់ទៅទេ !អ៊ីចឹងឱ្យលុយមកខ្ញុំ 30 $មក! ជនរងគ្រោះបានទូរសព្ទទៅឪពុក-ម្ដាយនៅប្រទេសឥណ្ឌូនេស៊ីឱ្យផ្ញើរលុយមកចំនួន 30$ ។ ពេលកំពុងនិយាយទូរសព្ទ ជនសង្ស័យបានយកទូរសព្ទរបស់ ជនរងគ្រោះមកនិយាយជាមួយឪពុក- ម្ដាយ របស់ជនរងគ្រោះថា បើមិនឱ្យលុយ 30$ ទេ គាត់នឹងបាញ់ជើងកូនប្រុសគាត់បាក់ជើង ។
បន្ទាប់មកក្រុមគ្រួសាររបស់ជនរងគ្រោះបានផ្ញើលុយមកឱ្យចំនួន 30$ រួចជនរងគ្រោះ និងជនសង្ស័យ បានទៅដកលុយនៅកន្លែង wing រួចឱ្យទៅជនសង្ស័យទាំងអស់ ។
ពេលបានលុយហើយ ជនសង្ស័យបានទារលុយពីជនរងគ្រោះចំនួន 60$ បន្ថែមទៀត សម្រាប់ឱ្យមិត្តភក្តិរបស់គាត់០២នាក់ទៀតដែលគេចខ្លួន ! ជនរងគ្រោះភ័យពេកបានទូរសព្ទទៅក្រុមគ្រួសារឱ្យផ្ញើរលុយមកទៀត តែក្រុមគ្រួសារផ្ញើរមកតែ 32$ ប៉ុណ្ណោះ !។
ពេលនោះជនរងគ្រោះ និងជនសង្ស័យបាន ហៅម៉ូតូកង់បីឥណ្ឌា ជិះទៅរកកន្លែងដកលុយនៅធនាគារ wing ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ដោយរង់ចាំជនរងគ្រោះចូលទៅដកលុយ យូរពេក! ជនសង្ស័យបានចុះទៅតាមហើយបង្កការភ្ញាក់ផ្អើលឆោឡោនៅក្នុងធនាគារ wing នោះតែម្តង។
បន្ទាប់ពីបានទទួលបានព័ត៌មានភ្លាមៗ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុខាងលើ រួចឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង (អាវុធខ្លី ,កាំភ្លើងដែកកេះ) ០១ដើម រួមនិងជនរងគ្រោះ នាំយកមកសាកសួរ និងបានដាក់ពាក្យបណ្ដឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវ សមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់វិធានការបន្តតាមនីតិវិធីច្បាប់! ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច