ភ្នំពេញ៖ បុរស២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីសង្ស័យរំលោភសេពសន្ថវៈលើនារីម្នាក់ នៅក្នុងបន្ទប់ជួលមួយកន្លែង ក្នុងខណ្ឌដង្កោ។
តាមព័ត៌មានបឋម ករណីនេះត្រូវបានរាយការណ៍ទៅសមត្ថកិច្ច ដោយប្អូនបង្កើតរបស់នារីរងគ្រោះ ដែលបានស្នើសុំអន្តរាគមន៍ បន្ទាប់ពីអះអាងថា បងស្រីរបស់ខ្លួនត្រូវបានបុរសសង្ស័យចាប់រំលោភ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ១៖១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ តាមបណ្ដោយផ្លូវបេតុង ស្ថិតនៅភូមិព្រៃកី (គ) សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលប៉ុស្តិ៍ពងទឹកបានចុះអន្តរាគមន៍ និងសាកសួរព័ត៌មានពាក់ព័ន្ធនៅកន្លែងកើតហេតុ ព្រមទាំងឃាត់ខ្លួនបុរស២នាក់ដែលត្រូវបានសង្ស័យពាក់ព័ន្ធករណីខាងលើ យកទៅសាកសួរ និងបន្តនីតិវិធីតាមច្បាប់។
យ៉ាងណាក៏ដោយ ករណីនេះនៅស្ថិតក្នុងដំណាក់កាលស៊ើបអង្កេត ដូច្នេះអត្តសញ្ញាណ និងកំហុសរបស់ជនសង្ស័យ ត្រូវរង់ចាំការស្រាវជ្រាវ និងការសម្រេចរបស់សមត្ថកិច្ច និងស្ថាប័នតុលាការតាមនីតិវិធីច្បាប់។

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច