ខេត្តព្រះសីហនុ ៖ កន្លងមកនេះ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានពិនិត្យឃើញការផ្សព្វផ្សាយវីដេអូមួយចំនួនតាមបណ្តាញសង្គម ពាក់ព័ន្ធនឹងសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅតំបន់ស្មុគស្មាញមួយចំនួនក្នុងខេត្តព្រះសីហនុ ក្នុងនោះមានទាំងវីដេអូចាស់ និងវីដេអូថ្មី ។
ពាក់ព័ន្ធករណីនេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មាននានាថា កម្លាំងនគរបាលខេត្តព្រះសីហនុ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនជាប្រចាំ ។
ដោយអនុវត្តតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំចង្អុលបង្ហាញរបស់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នង ការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញនៃផែនការងារប្រឆាំងគ្រឿងញៀន បានបន្តចុះប្រតិបត្តិការយ៉ាងសកម្ម និងបានបង្ក្រាបបទល្មើសពាក់ ព័ន្ធគ្រឿងញៀន ជាង៥០០ករណី ព្រមទាំងបានបញ្ជូនអ្នកប្រើប្រាស់គ្រឿងញៀន ជិត២,០០០នាក់ ទៅមណ្ឌលស្តារនីតិសម្បទា និងកែប្រែនេះបើគិតត្រឹមដើមឆ្នាំ ២០២៥ ដល់ពាក់កណ្តាលឆ្នាំ២០២៦ប៉ុណ្ណោះ ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមបញ្ជាក់ថា ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឧត្ដមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញគ្រប់ផ្នែក ជាពិសេសកម្លាំងជំនាញប្រឆាំងគ្រឿងញៀន នឹងបន្តចុះបង្ក្រាបបទល្មើសគ្រឿងញៀនជាបន្តបន្ទាប់ ដូចភ្លៀងរលឹម ដោយមិនអនុញ្ញាតឱ្យជនល្មើសយកខេត្តព្រះសីហនុធ្វើជាទីតាំងសម្រាប់ជួញដូរ ចែកចាយ ឬប្រើប្រាស់គ្រឿងញៀនឡើយ ។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងសាធារណជនទាំងអស់ ចូលរួមសហការជាមួយសមត្ថកិច្ច។ ប្រសិនបើបានឃើញ ឬមានព័ត៌មានពាក់ព័ន្ធនឹងការជួញដូរ ចែកចាយ ប្រើប្រាស់គ្រឿង ញៀន ឬបទល្មើសផ្សេងៗ សូមរាយការណ៍ជាបន្ទាន់មកសមត្ថកិច្ច។ រាល់ព័ត៌មានដែលប្រជាពលរដ្ឋផ្តល់ជូន នឹងត្រូវបានយកមកពិនិត្យ និងចាត់វិធានការតាមនីតិវិធី ។
សូមចូលរួមទាំងអស់គ្នា ដើម្បីខេត្តព្រះសីហនុមានសន្តិសុខ សណ្តាប់ធ្នាប់ និងគ្មានគ្រឿងញៀន ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច