ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានចេញសារាចរណែនាំថ្មីមួយ ស្តីពីកាតព្វកិច្ចរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងគណនីរបស់អតិថិជន និងការឃាត់ទុក/បង្កក ឬលើកលែងការឃាត់ទុក/បង្កកគណនីរបស់អតិថិជន ក្នុងគោលបំណងពង្រឹង និងពន្លឿននីតិវិធីអនុវត្តច្បាប់ចំពោះដីកា ឬសំណើសុំរបស់ស្ថាប័នមានសមត្ថកិច្ច។
យោងតាមសារាចរណែនាំនេះ គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវពិនិត្យ និងអនុវត្តដោយផ្ទាល់តាមដីកា ឬសំណើសុំរបស់ស្ថាប័នមានសមត្ថកិច្ច ដោយពុំតម្រូវឱ្យមានការស្នើសុំការបញ្ជាក់បន្ថែមពីធនាគារជាតិនៃកម្ពុជាទៀតឡើយ។ ធនាគារជាតិនៃកម្ពុជា ក៏បានបញ្ជាក់ផងដែរថា ខ្លួនមិនមានសមត្ថកិច្ចក្នុងការបកស្រាយ ឬពន្យល់បន្ថែមទៅលើចំណាត់ការរបស់ស្ថាប័នមានសមត្ថកិច្ចនោះទេ។
គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវអនុលោមតាមច្បាប់ពាក់ព័ន្ធជាធរមាន និងស្របតាមខ្លឹមសារនៃមាត្រា ៤៧ កថាខណ្ឌទី១ និងទី៣ នៃច្បាប់ ស្តីពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលចែងថា៖ចំពោះបុគ្គលដែលចូលរួម ទោះក្នុងឋានៈណាក៏ដោយ នៅក្នុងការអភិបាល ការដឹកនាំ ការកាន់កាប់ ការត្រួតពិនិត្យផ្ទៃក្នុង ឬពីខាងក្រៅនៃគ្រឹះស្ថានចំណុះច្បាប់នេះ ឬចំពោះបុគ្គលឯទៀតដែលធ្វើការងារឱ្យ គ្រឹះស្ថានចំណុះច្បាប់នេះ មិនត្រូវបរិហារបញ្ចេញប្រាប់ដល់ជនណាក៏ដោយ នូវព័ត៌មានដែលមានចរិតសម្ងាត់ លើសេចក្តីប្រកាស ហេតុការណ៍ សារលិខិត តួលេខ ឬអត្ថន័យនៃឯកសារគណនេយ្យ ឬរដ្ឋបាលដែលខ្លួន បានដឹងតាមរយៈមុខងាររបស់ខ្លួន៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច