ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងជាង​ ៨០នាក់​ បញ្ជូនទៅមណ្ឌលកែប្រែ

ចែករំលែក៖

 

ខេត្តព្រះសីហនុ ៖ ដោយអនុវត្តតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំចង្អុលបង្ហាញរបស់ ឧត្តមសេនីយ៍ ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញនៃផែនការងារប្រឆាំងគ្រឿងញៀន បានបន្តចុះប្រតិបត្តិការ​ល្បាត និងត្រួត ពិនិត្យតំបន់ស្មុគស្មាញ នៅចំណុចក្រុមទី១១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ និងបានឃាត់ខ្លួនមនុស្សសរុបចំនួន ៨២នាក់ ជនជាតិខ្មែរ ក្នុងនោះ ២ នាក់​ ជាជនជាតិឥណ្ឌូនេសុី ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន ។ 

ជាក់ស្តែង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៧:០០នាទី សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ២៩នាក់ និងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៩:០០នាទី បានបន្តឃាត់ខ្លួនមនុស្សចំនួន ៥៣នាក់ បន្ថែមទៀត ។ 

បច្ចុប្បន្ន អ្នកពាក់ព័ន្ធទាំងអស់ត្រូវបាននាំមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ បំពេញនីតិវិធី និងបញ្ជូនទៅមណ្ឌលកែប្រែតាមនីតិវិធី ។ 

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការផ្តល់ព័ត៌មានអំពីសកម្មភាពពាក់ព័ន្ធគ្រឿងញៀន និងបទល្មេីសផ្សេងៗ​ ដើម្បីរួមគ្នារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមទូទាំងខេត្ត ៕


ចែករំលែក៖