ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកបូរីជលសារ បង្ក្រាបករណីគ្រឿងញៀន ២ទីតាំង ឃាត់ខ្លួនជនសង្ស័យ៥នាក់

ចែករំលែក៖

ខេត្តតាកែវ៖ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នេះ មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ឱ្យដឹងថា នៅថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៥ និង៣០នាទីល្ងាច លោកវរសេនីយ៍ទោ នៅ សុគន្ធ អធិការនគរបាលស្រុកបូរីជលសារ បានចាត់លោកវរសេនីយ៍ទោ ជា សុផល អធិការរងផែនប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបូរីជលសារ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកពោធិ៍ ចេញល្បាតក្នុងភូមិសាស្ត្រ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក៏ប្រទះឃើញមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀនចំនួន ២ទីតាំងដូចខាងក្រោម៖

ទីតាំងទី១៖ តាមបណ្ដោយផ្លូវបេតុងលេខ ១២៩B ស្ថិតនៅភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ដោយមានការសង្ស័យ សមត្ថកិច្ចបានឃាត់ខ្លួនឆែកឆេរជនសង្ស័យ ឈ្មោះ ឃិន យ៉ាង ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ រកឃើញសារធាតុញៀន ២កញ្ចប់ ហើយបានសារភាពឆ្លើយថាទិញពី ឈ្មោះ ដែន សេន នៅភូមិជ្រៃគោកពោធិ៍ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ចំនួន ២កញ្ចប់ ទុកសម្រាប់ជក់។ សមត្ថកិច្ចបានឃាត់ខ្លួន និងដកហូតវត្ថុតាងរួមមាន៖

* ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ២កញ្ចប់

* ម៉ូតូ ០១គ្រឿង ម៉ាក វេវ កញ្ចាស់ គ្មានផ្លាកលេខ

ទីតាំងទី២៖ នៅចំណុចភូមិជ្រៃគោកពោធិ៍ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ សមត្ថកិច្ចបានឃាត់ខ្លួនបានចំនួន ៤នាក់បន្ថែមទៀតដូចខាងក្រោម៖

១. ឈ្មោះ ជួង ធារី ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិជ្រៃគោកពោធិ៍ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ (ឃាត់ខ្លួន) បានដកហូតម្សៅក្រាមថ្លាស សង្ស័យសារធាតុញៀន ចំនួន ៩កញ្ចប់ និងទូរស័ព្ទ ១គ្រឿង

២. ឈ្មោះ ដែន សេន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិកំពង់យោល ឃុំបូរីជលសារ ស្រុកបូរីជលសារ ចែកចាយ និងប្រើប្រាស់ (ឃាត់ខ្លួន)

៣. ឈ្មោះ ម៉ៅ ពេជវាសនា ហៅ ពេជ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិជ្រៃគោកពោធិ៍ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ (ឃាត់ខ្លួន) ដកហូតទូរស័ព្ទ ១គ្រឿង

៤. ឈ្មោះ សេន វិច្ឆិកា ហៅ ម៉ាក ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិជ្រៃគោកពោធិ៍ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ដកហូតទូរស័ព្ទ ១គ្រឿង។

ដោយមានការដឹកនាំបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីសំណាក់លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ពីលោកស្រី អ៊ុំ រ័ត្ននា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ សមត្ថកិច្ចយើងក៏បានឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាង មកអធិការដ្ឋាននគរបាលស្រុកបូរីជលសារដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕


ចែករំលែក៖