ខេត្តតាកែវ៖ កម្លាំងនគរបាលស្រុកសំរោង ខេត្តតាកែវ បានឱ្យដឹងនៅរសៀលថ្ងៃទី១៩ ខែសីហានេះថា កម្លាំងសមត្ថកិច្ចស្រុកសំរោង ឃាត់ខ្លួនបានហើយជនសង្ស័យ ៥នាក់ ពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូនៅក្នុងមូលដ្ឋានរបស់ខ្លួន។ បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមនីតិវិធី។
ប្រភពបានឱ្យដឹងថា ក្រោមការណែនាំចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ នៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២១ និង៤០នាទី លោកវរសេនីយ៍ឯក ភី ឆុន អធិការនគរបាលស្រុកសំរោង បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ ចល័តល្បាតក្នុងមូលដ្ឋាន បានធ្វើការបង្ក្រាបករណីអំពើលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូយ៉ាងសកម្ម) មួយករណី ស្ថិតនៅភូមិខ្វាវ ឃុំខ្វាវ ស្រុកសំរោង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់៖
១. ឈ្មោះ ខន ផានិត ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិកាប់នឹម ឃុំខ្វាវ ស្រុកសំរោង ជាមុខសញ្ញាកាប់ប្លន់យ៉ាងសកម្ម និងជាជនដៃដល់
២. ឈ្មោះ ស៊ីម សុខរ័ត្ន ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិព្រៃកេស ឃុំព្រៃវិហារ ស្រុកគងពិសី ជាមុខសញ្ញាកាប់ប្លន់យ៉ាងសកម្ម និងជាជនដៃដល់ (ដកហូតវត្ថុតាងដាវចំនួនមួយ)
៣. ឈ្មោះ រិន ចាន់នូ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិពោធិ ឃុំខ្វាវ ស្រុកសំរោង
៤. ឈ្មោះ សយ ដាវីត ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង
៥. ឈ្មោះ សុង វុទ្ធី ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង (ដកហូតវត្ថុតាងកាំបិតក្រងុកដងដែកចំនួនមួយ)
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច