ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួបសំណេះសំណាលជាមួយមន្រ្តីរាជការខេត្តកណ្ដាល

ចែករំលែក៖

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០១៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តកណ្ដាល។

នៅមុនកិច្ចសំណេះសំណាល សម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងអំពីសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងការធ្លាក់ចុះ កម្ពុជាយើងនៅរក្សាបានកំណើនសេដ្ឋកិច្ចថេរ (៧%) និងអតិផរណា (៣%)។ បច្ចុប្បន្ននេះគឺប្រទេសយើងកំពុងឈានចញពីប្រទេសដែលមានចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។ គោលដៅកម្ពុជានៅឆ្នាំ ២០៣០ គឺជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ ២០៥០ ជាប្រទេសដែលប្រាក់ចំណូលកម្រិតខ្ពស់ ។

ក្នុងពិធីសំណេះសំណាលកាលពីព្រឹកមិញនេះ សម្តេចតេជោ បានក្រើនរំលឹកដល់មន្រ្តីរាជការទាំងអស់ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមនៅខេត្តកណ្ដាល ជាពិសេសត្រូវគ្រប់គ្រងនិងទប់ស្កាត់អោយបាននូវអំពើអំពើឃាតកម្ម ឆក់ប្លន់ ចោរកម្ម និងថ្នាំញៀនដែលជាបញ្ហាធំកុំអោយយុវជនយើងរងគ្រោះ។ អាជ្ញាធរត្រូវធ្វើការសហការគ្នាអោយបានក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងខិតខំផ្តល់នូវសេវាសាធារណៈ ដែលមានសេវាសំណូមពរ និង សេវាតម្រូវការចាំបាច់មួយចំនួនដែលត្រូវដោះស្រាយជូនប្រជាពលរដ្ឋអោយបានល្អ ឆាប់ និងមានប្រសិទ្ឋិភាព មិនយកម្រៃសេវាលើសពីតម្លៃដែលច្បាប់បានកំណត់។ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានជំរុញអោយ មន្រ្តីរាជការត្រូវតែខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា និងត្រូវមានឥរិយាបទសមរម្យខណៈពេលបំពេញការងារ។ កងកម្លាំងប្រដាប់អាវុធ នគរបាល និងមន្រ្តីពាក់ព័ន្ឋទាំងអស់ត្រូវចូលរួមសហការក្នុងការប្រមូលពន្ធ។ ត្រូវយកចិត្តទុកដាក់ការពារតំបន់អភិរក្សឡូនេសាទ និងតំបន់ការពារមួយចំនួនអោយបានល្អ រួមទាំងយកចិត្តទុកដាក់ដោះស្រាយបញ្ហាជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធភាព។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់បន្ថែមផងដែរថា អាជ្ញាធរត្រូវអនុវត្តអោយបានល្អនូវសារាចរណ៍ណែនាំអំពីផ្សារលក់ដូរដែលបានចេញរួចហើយ ព្រមទាំងផ្សព្វផ្សាយអោយបានទូលំទូលាយដល់អាជីវករតាមបណ្ដាផ្សារដែលខ្លួនគ្រប់គ្រង ដោយអោយពួកគាត់មានសិទ្ធិលក់ដូរតកូនតចៅ ព្រមទាំងមានសិទ្ធលក់ផ្ទេរសិទ្ធទៅអោយអ្នកដ៍ទៃបាន តែមិនអាចផ្តល់កម្មសិទ្ធជូនបានទេ។

សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ខេត្តកណ្ដាលគឺជាខេត្តដែលសំបូរទៅដោយរោងចក្រជាង ១៥០ ដូច្នេៈអាជ្ញាធរត្រូវយកចិត្តទុកដាក់ដល់ការរស់នៅរបស់បងប្អូនកម្មករអោយបានល្អប្រសើរដោយការសម្រួលតម្លៃទឹក ភ្លើង អោយមកនៅទាបដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ពួកគាត់។ ម្យ៉ាងវិញទៀតដោយខេត្តនេះមានព្រំប្រទល់ជាប់ប្រទេសវៀតណាម ដូច្នេះអាជ្ញាធរខេត្តត្រូវមានទំនាក់ទំនងល្អជាមួយអាជ្ញាធរវៀតណាម ពិសេសយកចិត្តទុកដាក់នូវដំណើរការបោះបង្គោលព្រំដែនអោយបានលឿន និងបញ្ឈប់អោយបាននូវការជួលដីពីសំណាក់ប្រជាពលរដ្ឋរបស់យើងអោយទៅប្រជាពលរដ្ឋវៀតណាម។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ដែលបានរួមសហការគ្នាអភិវឌ្ឍន៍ខេត្តកណ្ដាលអោយកាន់តែរីកលូតលាស់លឿនទៅមុខ។ កិច្ចការដែលសម្រេចទៅបានដោយជោគជ័យគឺអាស្រ័យដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ប្រកបដោយមនសិការ និងឆន្ទះល្អ មុះមុត និងការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ៕

1

2 3

5 4


ចែករំលែក៖