ព័ត៌មានទាន់ហេតុការណ៍៖

ទាហានជើងទឹកអាមេរិក និងទាហានជើងទឹកកម្ពុជា បានចាប់ផ្តើមសមយុទ្ធប្រចាំឆ្នាំលើកទី៧ នៅមូលដ្ឋានជើងទឹករាម ខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ទាហានជើងទឹកអាមេរិក និងទាហានជើងទឹកកម្ពុជា បានចាប់ផ្តើមសមយុទ្ធប្រចាំឆ្នាំលើកទី ៧ ដែលមានឈ្មោះថា «ការហ្វឹកហ្វឺន និងភាពត្រៀមជាស្រេច សម្រាប់សហប្រតិបត្តិការលើផ្ទៃទឹក (CARAT)» នៅកម្ពុជា ដោយមានពិធីបើកបានប្រព្រឹត្តទៅនៅមូលដ្ឋានជើងទឹករាម ខេត្តព្រះសីហនុ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ម្សិលមិញ។ នេះបើតាមការប្រកាសរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។

ដោយត្រូវបានធ្វើជាបន្តបន្ទាប់តាំងពីឆ្នាំ ២០១០ មក សមយុទ្ធ CARAT នៅកម្ពុជា គឺជាសមយុទ្ធហ្វឹកហ្វឺនទ្វេភាគីមួយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងលើកកំពស់សន្តិសុខលំហសមុទ្រ រវាងកងទ័ពជើងទឹកនៃសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកនៃប្រទេសកម្ពុជា។

តាមការប្រកាសរបស់ស្ថានទូតអាមេរិក, លោកវរសេនីយឯក Erich Diehl មេបញ្ជាការប្រចាំនៅបញ្ជាការដ្ឋាន សម្រាប់តំបន់ប៉ាស៊ីហ្វិកនៃកងទ័ពជើងទឹកនៅបរទេសរបស់សហរដ្ឋអាមេរិក បានលើកឡើងថា «កងទ័ពជើងទឹករបស់យើងចូលរួមនៅក្នុងសមយុទ្ធ CARAT ដោយមានគោលដៅរួម ដើម្បីបង្កើនភាពត្រៀមជាស្រេច និងអន្តរប្រតិបត្តិការ។ សមយុទ្ធ CARAT ផ្តល់ឱកាសពិសេសមួយសម្រាប់ធ្វើការ និងរៀនពីកងទ័ពជើងទឹកកម្ពុជា ហើយបង្កើនសមត្ថភាពស្នូលរបស់យើង ក្នុងការបំពេញបេសកកម្មនៅក្រៅប្រទេស។ យើងទទួលផលប្រយោជន៍ទៅវិញទៅមក ហើយធានាបាននូវសមត្ថភាពរួមដ៏ខ្លាំងមួយក្នុងការប្រើសមត្ថភាពផ្នែកកងទ័ពជើងទឹករបស់យើងឱ្យមានប្រសិទ្ធភាពបំផុត»។

នៅក្នុងសប្តាហ៍ទាំងមូលក្រុមទាហានជាងក្នុងកងទ័ពជើងទឹកសហរដ្ឋអាមេរិកដែលមកពីកងវរសេនាតូចចល័តផ្នែកសំណង់របស់កងទ័ពជើងទឹកអាមេរិកលេខ៥ (NMCB) នាវឹកមកពីអង្គភាពចល័តលេខ ៥ ផ្នែកកំចាត់យុទ្ធភណ្ឌផ្ទុះ (EODMU) ក្រុមលេខ២ ដែលធ្វើប្រតិបត្តិការនៅតាមបឹងទន្លេ ជិតតំបន់ឆ្នេរ អង្គភាពពេទ្យផ្នែកបង្ការ និងបរិស្ថាននៃកងទ័ពជើងទឹក និងទាហានម៉ារីនមកពីកងវរសេនាតូចទី ៣ និងកងវរសេនាធំទី២ នៃកងម៉ារីននឹងចូលរួមជាមួយសមភាគីកម្ពុជានៅក្នុងការហ្វឹកហ្វឺន ដូចជាក្នុងផ្នែកបញ្ជាការនិងគ្រប់គ្រង យុទ្ធវិធីតាមអង្គភាពតូចៗ ប្រតិបត្តិការឡើងគោក ការបង្ការជំងឺ ការជួសជុល និងប្រើប្រាស់ទូកសម្រាប់ប្រតិបត្តិការ។

ប្រធានបទនីមួយៗដែលត្រូវបានពិភាក្សានៅក្នុងសប្តាហ៍ នឹងត្រូវបានបកស្រាយបង្ហាញនៅក្នុងលំហាត់ហ្វឹកហ្វឺននៅនឹងកន្លែង ដែលរួមមានការបង្ហាញជំនាញដែលបានរៀន រួមទាំងប្រតិបត្តិការឡើងគោក។

លោកវរសេនីយឯក Jeffrey Kilian មេបញ្ជាការនៃកងវរសេនាធំទី ៣០ ផ្នែកសំណង់ជើងទឹក បានមានប្រសាសន៍ថា «យើងរំពឹងថា សប្តាហ៍នេះគឺជាសប្តាហ៍ដ៏រំភើប ហើយយើងរំពឹងថា នឹងមានឱកាសសម្រាប់ពង្រឹងទំនាក់ទំនងដ៏យូរលុងរបស់យើងជាមួយកងយោធពលខេមរភូមិន្ទ។ យើងចាត់ទុកសមយុទ្ធនេះជាព្រឹត្តិការណ៍សំខាន់មួយ ដែលធ្វើឱ្យប្រទេសយើងទាំងពីរ កាន់តែមានភាពជិតស្និទ្ធនឹងគ្នា ហើយជាគំរូមួយសម្រាប់ឱ្យកងទ័ពជើងទឹក និងកងម៉ារីនអាមេរិក និងកងយោធពលខេមរភូមិន្ទធ្វើការជាមួយគ្នាទាក់ទងនឹងអាទិភាពនៃសន្តិសុខលំហសមុទ្រ ពង្រឹងទំនាក់ទំនង និងលើកកំពស់អន្តរប្រតិបត្តិការ»។

ទាហានអាមេរិកចំនួនប្រហែល ១៥០ នាក់ និងទាហានកម្ពុជាចំនួន ២០០នាក់ បានចូលរួមនៅក្នុងសមយុទ្ធ CARAT នៅកម្ពុជា សម្រាប់ឆ្នាំ ២០១៦ នេះ។ ក្រុមតន្រ្តីមកពីកងនាវាជើងទឹកទី ៧ របស់សហរដ្ឋអាមេរិកក៏សម្តែងជូនផងដែរដល់អ្នកស្រុកនៅជុំវិញទីក្រុងព្រះសីហនុ នៅមជ្ឈមណ្ឌលកុមារកំព្រាម្លប់តាប៉ាង សាលាបច្ចេកទេស Don Bosco សាលាបឋមសិក្សារាម អង្គការ Village D’enfantព្រមទាំងសំដែងជូនសាធារណៈទូទៅផងដែរ។ ទាហានអាមេរិកជាច្រើន និងគ្រឿងបរិក្ខារបស់គេបានមកដល់ប្រទេសកម្ពុជា តាមនាវា ឈ្មោះ USNS Millinocket ដែលជានាវាដឹកជញ្ជូនលឿនសម្រាប់កងទ័ពដែលធ្វើប្រតិបត្តិការនៅក្រៅប្រទេស។

CARAT គឺជាសមយុទ្ធទ្វេភាគី ដែលមានធ្វើជាបន្តបន្ទាប់ដោយកងទ័ពជើងទឹក រវាងផ្នែកជើងទឹកសហអាមេរិក កងម៉ារីនអាមេរិក និងកងទ័ពនៃប្រទេសបង់ក្លាដេស ប្រ៊ុយណេ កម្ពុជា ឥណ្តូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបូរី ថៃ និងទីម័រខាងកើត។ CARAT ឆ្នាំ ២០១៦ ជាសមយុទ្ធមានភាពស្មុគស្មាញបំផុត គិតមកដល់ពេលនេះ។ ភាពមានប្រយោជន៍របស់វាតាំងពីរយៈពេលជាង ២ ទសវត្សមកបង្ហាញឱ្យឃើញពីគុណភាពខ្ពស់នៃសមយុទ្ធនេះ និងតម្លៃយូរអង្វែងនៃកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ នៅក្នុងចំណោមសម្ព័ន្ធមិត្ត និងដៃគូនៅតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។

បញ្ជាការកំលាំងពិសេសលេខ ៧៥ គឺជាកំលាំងពិសេសនៃកងកំលាំងធ្វើប្រតិបត្តិការ នៅបរទេសរបស់សហរដ្ឋអាមេរិក ដែលទទួលខុសត្រូវរៀបចំផែនការ និងដំណើរការប្រតិបត្តិការនៅតាមបឹងទន្លេក្បែរតំបន់ឆ្នេរ ការដោះយុទ្ធភណ្ឌផ្ទុះ ផ្នែកវិស្វកម្មមុជទៅក្រោមទឹក និងផ្នែកសាងសង់លើដី និងក្រោមទឹក នៅក្នុងផ្នែកទទួលខុសត្រូវរបស់កងនាវាជើងទឹកទី ៧ របស់សហរដ្ឋអាមេរិក ៕

3 1 2


ចែករំលែក៖