អន្តរជាតិ៖ សារព័ត៌មាន Reuters បានផ្សាយថា យន្ដហោះ P-8A Poseidon មួយគ្រឿងរបស់កងទ័ពជើងទឹកអាមេរិក បានហោះឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ នៅក្នុងដែនអាកាសអន្តរជាតិ កាលពីថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ ជាសកម្មភាពមួយដែលកងនាវាទី៧ របស់សហរដ្ឋអាមេរិកចាត់ទុកថាជាការបង្ហាញពីការប្ដេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។
យន្ដហោះ ឬនាវារបស់យោធាអាមេរិករាល់ប៉ុន្មានខែម្ដង តែងតែធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ហើយជារឿយសកម្មភាពបែបនេះក៏តែងតែធ្វើចិនដែលចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួនខឹងសម្បារផងដែរ។ ការហោះហើររបស់យោធាអាមេរិកនេះដែរកើតមានឡើង ខណៈប្រធានាធិបតីចិន លោក ស៊ី ជីនពីង ត្រូវបានរំពឹងថានឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅខែក្រោយដើម្បីជួបលោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងបរិបទទីក្រុងវ៉ាស៊ីនតោន និងប៉េកាំងកំពុងព្យាយាមរក្សាស្ថិរភាពទំនាក់ទំនងដែលកំពុងតានតឹងដោយសារតែបញ្ហាតៃវ៉ាន់ ជម្លោះពាណិជ្ជកម្ម និងការរឹតត្បិតបច្ចេកវិទ្យា។
កងនាវាទី៧របស់សហរដ្ឋអាមេរិកបានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថាតាមរយៈការធ្វើប្រតិបត្តិការក្នុងច្រកសមុទ្រតៃវ៉ាន់ ស្របទៅតាមច្បាប់អន្តរជាតិ សហរដ្ឋអាមេរិកកំពុងការពារសិទ្ធិ និងសេរីភាពធ្វើនាវាចររបស់គ្រប់បណ្ដាប្រទេសទាំងអស់។ កងនាវាទី៧ បានបន្ថែមថាការហោះហើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ក៏បានបង្ហាញដែរពីការប្ដេជ្ញាចិត្តរបស់ សហរដ្ឋអាមេរិកចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ហើយយោធាអាមេរិកនឹងបន្តធ្វើប្រតិបត្តិការហោះហើរ ធ្វើដំណើរតាមផ្លូវទឹក និងនៅគ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត។
បើតាមកាសែតរដ្ឋចិន Global Times យោធាចិនបានចាប់សញ្ញា និងតាមដានការហោះហើររបស់យន្ដហោះល្បាត និងស៊ើបការណ៍ P-8A Poseidon ហើយថាស្ថានការណ៍ស្ថិតនៅក្រោមការគ្រប់គ្រង៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច