ព័ត៌មានទាន់ហេតុការណ៍៖

តួកគីបានស្នើសុំឱ្យ Interpol ចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ប្រទេសតួកគី និងអ៉ីស្រាអែលបានផ្ទុះសង្រ្គាមពាក្យសម្ដីនឹងគ្នាកាលពីថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីទីក្រុងអង់ការ៉ាប្រកាសថាខ្លួនបានស្វែងរកដីកាអន្តរជាតិដើម្បីចាប់ខ្លួននាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ដោយចោទប្រកាន់រូបលោកពីអំពើប្រល័យពូជសាសន៍ ជាប់ពាក់ព័ន្ធនឹងការស្ទាក់ចាប់ឃុំខ្លួនសកម្មជនក្បួនទូក មនុស្សធម៌ហ្កាហ្សា។

អ៉ីស្រាអែលកាលពីខែឧសភាកន្លងទៅ បានស្ទាត់ចាប់ឃុំខ្លួនសកម្មជនជាង ៣០០នាក់ នៅលើទូកដឹកជំនួយមនុស្សធម៌ឆ្ពោះទៅកាន់តំបន់ហ្កាហ្សា ជាហេតុបង្កឱ្យមានការថ្កោលទោសជាអន្តរជាតិ។ តាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌តួកគីយ៉េ លោក Akin Gurlek ក្រសួងរបស់លោកបានស្នើឱ្យក្រសួងមហាផ្ទៃ ចេញនិវេទន៍ក្រហមអាំងទែរប៉ូលដើម្បីចាប់ខ្លួនលោក Netanyahu និងមន្ត្រីអ៉ីស្រាអែលម្នាក់ ឈ្មោះ Afek Moskovitch ជាផ្នែកមួយនៃការដំណើរការនីតិវិធីច្បាប់ពាក់ព័ន្ធនឹងការវាយប្រហារក្នុងដែនទឹកអន្តរជាតិលើក្បួនទូក របស់សកម្មជនមនុស្សធម៌ Flotilla។

ក្រសួងមហាផ្ទៃតួកគីយ៉េ បានឱ្យដឹងថាលោក Netanyahu និងលោក Moskovitch កំពុងប្រឈមនឹងការកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ប្រល័យពូជសាសន៍ ការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់សិទ្ធិសេរីភាព ការធ្វើទារុណកម្ម និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។ ជាការឆ្លើយតប ការិយាល័យរបស់លោក Netanyahu បាននិយាយថាអ៉ីស្រាអែល មិនអើពើនឹងដីកាចាប់ខ្លួនរបស់តួកគីយ៉េនោះទេ។ «(លោក) អឺដូហ្កាន់គឺជាជនផ្ដាច់ការប្រឆាំងនឹងជនជាតិជ្វីហ្វម្នាក់ដែលសម្លាប់ជនជាតិឃើដ គាំទ្រដល់ការសម្លាប់រង្គាលរបស់ក្រុម ហាម៉ាស និងគាបសង្កត់លើប្រជាជនខ្លួនឯង»។ នេះជាប្រតិកម្មឆ្លើយតបរបស់ការិយាល័យរបស់លោក Netanyahu។

ភាពតានតឹងរវាងតួកគីយ៉េ និងអ៉ីស្រាអែល បានឡើងកម្ដៅខ្លាំងក្នុងសប្ដាហ៍នេះជុំវិញបញ្ហាស៊ីរី ជាទីដែលអ៉ីស្រាអែលបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើ មូលដ្ឋានទ័ពមួយដែលខ្លួនអះអាងថាមានវត្តមានកងទ័ពតួកគីយ៉េ។ ប៉ុន្តែតួកគីយ៉េ និងសហរដ្ឋអាមេរិកបានរិះគន់ការវាយប្រហាររបស់អ៉ីស្រាអែល ហើយស៊ីរីបាននិយាយថាមិនមាន គម្រោងអនុញ្ញាតឱ្យមានការដាក់ពង្រាយកងទ័ពតួកគីយ៉េនៅឯមូលដ្ឋានទ័ពខាងលើនោះទេ៕


ចែករំលែក៖