ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសធ្ងន់ ព្រោះតែប្តីប្រច័ណ្ឌ ។ ករណីទាំង២នេះបានកើតឡើងផ្សេងគ្នានៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ហេតុការណ៍ទី១បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ជួលលេខ៧ ក្រុមទី៣ ភូមិដំណាក់ធំទី៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចដែលបានទៅដល់ទីកើតហេតុបានប្រាប់ថា ករណីឃាតកម្មខាងលើនេះ គឺបុរសជាប្តីបានសម្លាប់ប្រពន្ធ ដោយសារតែភ្លើងប្រច័ណ្ឌ ។ ប្រភពខាងលើនេះបានឲ្យដឹងថា ករណីឃាតកម្មប្តីសម្លាប់ប្រពន្ធ ស្ថិតនៅក្នុងបន្ទប់ផ្ទះជួលលេខ៧ ដែលជនរងគ្រោះជាប្រពន្ធឈ្មោះ ផាត ស្រីនេត អាយុ២២ឆ្នាំ មុខរបររត់តុ នៅហាងមនោរម្យ និងមានស្រុកកំណើតនៅភូមិទួលកណ្តោល ឃុំជីគរ ស្រុក-ខេត្តត្បូងឃ្មុំ ។
ប្រភពពីកម្លាំងជីវពលនៅក្នុងមូលដ្ឋានខាងលើបានសន្និដ្ឋានថា ឃាតកម្មនេះបានកើតឡើងតាំងពីល្ងាចថ្ងៃអាទិត្យមកម្ល៉េះ ប៉ុន្តែទើបតែមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃចន្ទ នេះ ក្រោយពីម្តាយនារីរងគ្រោះ មិនឃើញកូនទៅលេងផ្ទះ ហើយមករកកូនឃើញទ្វារបន្ទប់បិទជិត ក៏កាត់សោទ្វារ ស្រាប់តែកូនស្រីដេកស្លាប់បាត់ទៅហើយ ។
បើតាមប្រជាពលរដ្ឋអ្នកនៅបន្ទប់ក្បែរខាងនារីរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ពីរនាក់ប្តីប្រពន្ធបានឈ្លោះប្រកែកគ្នាដោយសារតែរឿងប្រច័ណ្ឌ ព្រោះតែនារីជាភរិយាធ្វើការក្នុងហាងផឹកស៊ី ។
អធិការនគរបាលខណ្ឌមានជ័យ លោក តេង ស៊ីណូ បានឲ្យដឹងថា បុរសជាប្តី ឈ្មោះ ឌឿន
អាយុ៣២ឆ្នាំ មុខរបរម៉ូតូឌុប បានគេចខ្លួនបាត់ ខណៈដែលកម្លាំងនគរបាលកំពុងស្រាវជ្រាវ ។
សពនារីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យ រួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ករណីទីពីរ គឺបានកើតឡើងដោយសារតែភ្លើងប្រច័ណ្ឌឈ្លោះប្រកែកគ្នា ក៏បានយកកាំបិតកាត់ក្បាល និងយកអង្រែបុកគ្រឿងវាយហើមភ្នែកទាំងសងខាង ហើយបុរសជាប្តី ក៏បានចាក់សោបន្ទប់ពីក្រៅ រួចជិះម៉ូតូចេញបាត់ទៅ ។ ស្រ្តីជាភរិយានៅក្នុងបន្ទប់ស្រែកហៅអ្នកជិតខាងជួយ យកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈកាលពីវេលាម៉ោង១០ យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នារីរងគ្រោះឈ្មោះ វ៉ា សាយ អាយុ៣៤ឆ្នាំ ជាអ្នកលក់នំបញ្ចុក ចំណែកឯប្តីមិនស្គាល់អត្តសញ្ញាណ មានមុខរបរជាអ្នករត់ម៉ូតូឌុប ។
បើតាមប្រភពព័ត៌មានពីអ្នកជិតខាងបានឲ្យដឹងថា គ្រួសារខាងលើនេះតែងតែឈ្លោះប្រកែកគ្នាជារឿយៗ ដោយសារតែភ្លើងប្រច័ណ្ឌរបស់ប្តីចំពោះប្រពន្ធដែលជាអ្នកលក់នំបញ្ចុក ។ រីឯប្រពន្ធក៏ប្រច័ណ្ឌប្តីដែលជាអ្នករត់ម៉ូតូឌុបចូលផ្ទះយប់ជ្រៅនោះដែរ ។
នៅថ្ងៃកើតហេតុ គឹឮសូរសំឡេងអ្នកទាំងពីរឈ្លោះប្រកែកគ្នា ហើយមួយសន្ទុះក្រោយមក គេឃើញបុរសជាប្តីអូសម៉ូតូចេញពីបន្ទប់ជិះចេញទៅក្រៅបាត់ ។ ប្រហែលជាង២ម៉ោងក្រោយមក អ្នកជិតខាងបន្ទប់ជួល ក៏ឮសំឡេងហៅឲ្យជួយល្វើយៗតាមបង្អូចបន្ទប់ស្ត្រីរងគ្រោះ ។ ពេលអ្នកនៅជិតខាងមើលតាមបង្អូចស្រាប់តែឃើញស្ត្រីរងគ្រោះរងរបួសធ្ងន់ត្រង់ក្បាល និងកញ្ចឹងក និងប៉ោងភ្នែកទៀតផង ។
ដោយសារបន្ទប់ជនរងគ្រោះនៅខាងលើ ហើយត្រូវប្តីចាក់សោពីខាងក្រៅ ទើបធ្វើឲ្យអ្នកជិតខាងសម្រេចចិត្តវាយសោដែលចាក់ទ្វារនោះចេញ ដើម្បីយកជនរងគ្រោះចេញក្រៅ ហើយក៏បានដឹកតាមរ៉ឺម៉កម៉ូតូយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។
ប្រភពពីអ្នកជិតខាងបានឲ្យដឹងថា ជនរងគ្រោះបាននិងកំពុងទទួលការសង្គ្រោះពីក្រុមគ្រួពេទ្យ ។ ជាមួយគ្នានោះ ស្ត្រីរងគ្រោះគ្មានប្រាក់ជាប់ខ្លួនទេ ក៏ត្រូវបានអ្នកជិតខាងជួយឧបត្ថម្ភម្នាក់បន្តិចបន្តួច ។
ទាំងពីរករណីខាងលើនេះ ផ្តើមចេញពីជម្លោះ ដោយសារភ្លើងប្រច័ណ្ឌ ។
គេរំពឹងថា ករណីឃាតកម្មនៅក្នុងបន្ទប់ជួលនៅសង្កាត់ស្ទឹងមានជ័យ សមត្ថកិច្ចអាចនឹងវែកមុខរកឃាតកដែលជាប្តី យកផ្តន្ទាទោសតាមច្បាប់ ៕ ហេង សូរិយា