នាវាមុជទឹក ដើរដោយថាមពលបរមាណូ USS Pennsylvania របស់កម្លាំងទាហានជើងទឹកអាមេរិកបំពាក់កាំជ្រួចមីស៊ីលផ្ជាប់ក្បាលគ្រាប់បរមាណូបានទៅកាន់កោះ Guam ដើម្បីបញ្ចាក់ពីការសន្យាការពារសន្តិសុខដល់សម្ព័ន្ធមិត្តអាមេរិកក្នុងតំបន់ ។
សារព័ត៌មានCNN កាលពីថ្ងៃទី១ ខែវិច្ឆិកា បានផ្សាយថានាវាមុជទឹក USS Pennsylvania (SSBN735)បានទៅកាន់កំពុងផែ Apra កោះGuam របស់អាមេរិកស្ថិតនៅភាគខាងលិច ប៉ាស៊ីហ្វិក ។ នេះជាលើកទីមួយដែលនាវាមុជទឹក SSBN735ទៅកាន់ទីតាំងខាងលើចាប់តាំងពីនាវានេះបានដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកងទ័ពជើងទឹកអាមេរិកនៅឆ្នាម១៩៨៩ ។
នាវាមុជទឹក SSBN735 ជាប្រភេទ Ohio ដែលមាន១៤គ្រឿង ដោយក្នុងមួយគ្រឿងៗអាចបំពាក់កាំជ្រុចមីស៊ីលឆ្លងទ្វីប ២៤ដើមផ្ជាប់ក្បាលគ្រាប់បរមាណូ ពី៨-១២គ្រាប់ លើកាំជ្រួចមីស៊ីលមួយដើម ។ ក្បាលគ្រាប់បរមាណូនីមួយៗមានកម្លាំងបំផ្លាញស្មើរ ៤៧៥គីឡូតុន។ នាវាមុជទឹកដែលបញ្ចូនទៅនោះគឺជានាវាធំផុតរបស់ទាហានជើងទឹកអាមេរិក។
តាមការប្រកាសរបស់កម្លាំងទាហានជើងទឹកអាមេរិក ការចូលទៅកាន់កោះGuam ខាងលើរបស់នាវាSSBN735 បានឡើងគម្រោងជាយូណាសមកហើយដើម្បីការពារសម្ព័ន្ធមិត្តរបស់អាមេរិក ។
នៅទីតាំងទាហានជើងទឹកGuam អាមេរិកធ្លាប់បានបញ្ចូនអាវុធទំនើបៗជាច្រើនទៅកាន់ទីនោះដូចជា យន្តហោះទម្លាក់គ្រាប់ រយៈចម្ងាយឆ្លាយដូចជា B1,B2,B 52។ ជាមួយនិងការបញ្ចូននាវាមុជទឹកដើរដោយថាមពលបរមាណូទៅកាន់ទីនោះនឹងធ្វើឲ្យកម្លាំងទាហានជើងទឹកអាមេរិកកាន់តែរឹងមាំ ការពារប្រទេសសម្ព័ន្ធមិត្តនៅក្នុងតំបន់ទាំងមូល ៕ ម៉ែវ សាធី