ព័ត៌មានទាន់ហេតុការណ៍៖

តុលាការឃុំខ្លួនឃាតកដែលសម្លាប់សង្សារនៅក្នុងផ្ទះសំណាក់អូយេស ចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន

ចែករំលែក៖

ភ្នំពេញ: មន្ត្រីតុលាការ បញ្ជាក់ថា លោក សេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា បានចេញដីកាសម្រេចឃុំខ្លួនឃាតកដែលសម្លាប់សង្សារក្នុងផ្ទះសំណាក់អូយេស ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។

ឃាតករូបនេះត្រូវបានលោក ហោ លីណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ ” ឃាតកម្មគិតទុកជាមុន ” តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ។

បទល្មើសនេះកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។

សមត្ថកិច្ច បញ្ជាក់ថា ឃាតករូបនេះ ឈ្មោះ ចាន់ សុភ័ក្ត្រ ហៅពៅ អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រះវិហារ។

ចំណែកជនរងគ្រោះឈ្មោះ អាង វណ្ណា ហៅលីលី អាយុ២២ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេយីហោ ហេងហេង នៅដេអិន ស្នាក់នៅផ្ទះជួល១៦C-១៦D ផ្លូវលេខ១១២ ស្ថិតក្នុងសង្កាត់ ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។

សមត្ថកិច្ច បន្តថា ក្រោយស្រាវជ្រាវជាច្រើនម៉ោង ទើបដឹងថា ស្ត្រីរងគ្រោះជាអ្នកបម្រើការងារនៅហាងខារ៉ាអូខេ ដោយមានការទំនាក់ទំនងគ្នាជាមួយជនសង្ស័យតាំងពីឆ្នាំ២០១៤មកម្ល៉េះ តាមរយៈការចូលផឹកស៊ីច្រើនលើកច្រើនសារ នៅខារ៉ាអូខេយីហោ ហេងហេង ហើយតែងតែណាត់ជួបគ្នាតាមផ្ទះសំណាក់ផ្សេងៗ ។

នៅមុនពេលកើតហេតុថា ពោលគឺយប់ថ្ងៃទី២៤ ខែតុលា ជនសង្ស័យបានជិះម៉ូតូឌុបចេញពីផ្សារញ៉ែក្នុងបំណងទៅជួលផ្ទះសំណាក់យីហោ អូយេស ក្នុងបន្ទប់លេខ២០C ជាន់ទី៣ដែលជាចំណុចកើតហេតុដើម្បីដេក ស្រាប់តែដល់វេលាយប់ជ្រៅបន្តិច ក៏លេចមុខស្ត្រីរងគ្រោះបានមកដល់ផ្ទះសំណាក់សួររកបន្ទប់ ដែលជនសង្ស័យបានជួលស្នាក់នៅ ព្រមទាំងបានឡើងទៅដេកជាមួយគ្នាថែមទៀតផង។

លុះដល់វេលាយប់ជ្រៅបន្តិច ស្ត្រីរងគ្រោះបានសុំជនសង្ស័យ ដែលជាសង្សារដើម្បីត្រឡប់ទៅផ្ទះវិញ តែជនសង្ស័យមិនព្រម ឡើយទើបមានការឈ្លោះប្រកែកគ្នា នៅក្នុងបន្ទប់ដោយជនសង្ស័យបានចោទប្រកាន់លើជនរងគ្រោះថា មានប្រុសច្រើន ខណៈនោះស្ត្រីរងគ្រោះបានយកទូរស័ព្ទមកឆាតលេងជាមួយប្រុស និងបានបង្ហាញរូបថតអ្នកដែលស្រឡាញ់ខ្លួន ឲ្យជនសង្ស័យមើល ទើបបណ្ដាលឲ្យជនសង្ស័យជាប្រុសស្នេហ៍ ខឹងក៏ស្ទុះទៅធ្វើសកម្មភាពសង្កត់ពីលើខ្ទប់មាត់ច្របាច់ក ទាល់តែដាច់ដង្ហើមស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ ខណៈដែលជនសង្ស័យមិនទាន់អស់ចិត្តខ្លាចក្រែងជនរងគ្រោះមិនទាន់ស្លាប់ក៏យកកន្សែងពោះគោមកហែករួចរិតកបន្ថែមទៀត ដើម្បីបញ្ចប់ជីវិតឲ្យអស់សង្ស័យតែម្ដង។

បន្ទាប់ពីជនសង្ស័យសម្លាប់សង្សាររួចហើយ ក៏ធ្វើសកម្មភាពដោះយកគ្រឿងអលង្ការមានខ្សែប្លាក់ទីនមួយខ្សែ និងកងដៃប្លាក់ទីនចំនួន៣កង ព្រមទាំងយកទូរស័ព្ទមួយគ្រឿងរត់គេចខ្លួន ដើម្បីយកគ្រឿងអលង្ការទៅលក់បានប្រាក់៣៦៥ដុល្លារ និងទូរស័ព្ទបានប្រាក់២០០ដុល្លារ រួចជនសង្ស័យជិះរថយន្ដតាក់ស៊ីគេចខ្លួនទៅខេត្តព្រះសីហនុបាត់ស្រមោល ៕ ចេស្តា
1


ចែករំលែក៖