ព័ត៌មានទាន់ហេតុការណ៍៖

ទាហានឈុតខ្មៅថៃ និងឈ្មួញគ្រឿងញៀន បាញ់គ្នារង្គើព្រៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា

ចែករំលែក៖

ថៃ-មីយ៉ាន់ម៉ា៖ ស្ថានការណ៍នៅព្រំដែនថៃ-មីយ៉ាន់ម៉ាឯណោះ ក៏មិនត្រជាក់ដែរ ដោយក្រៅពីសមរភូមិដ៏ក្តៅគគុកនៅខាងមីយ៉ាន់ម៉ាហើយនោះ នៅខាងថៃឯណេះវិញ ក៏មានការប្រយុទ្ធគ្នារវាងទាហានឈុតខ្មៅ ជាមួយក្រុមជួញដូរគ្រឿងញៀនផងដែរ បណ្តាលឲ្យមានមនុស្សស្លាប់ និងរឹបអូសបានគ្រឿងញៀន ច្រើនសន្ធឹក។

យោងតាមការផ្សាយរបស់ Amarin TV នៅថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ បាននិយាយថា ទាហានឈុតខ្មៅ និងកងល្បាតព្រំដែនថៃ បានផ្ទុះអាវុធរង្គើព្រៃជាមួយឈ្មួញគ្រឿងញៀន ក្នុងស្រុក Mae Ai នៃខេត្ត ឈៀងម៉ៃ។

ក្នុងប្រតិបត្តិការនោះ កងកម្លាំងថៃ បានសម្លាប់អ្នករត់ពន្ធ ២នាក់ និងរឹបអូសថ្នាំមេតំហ្វេតាមីន រហូតដល់ទៅ ៦០០ ០០០គ្រាប់ និងកាំភ្លើង ២ដើម។ ការផ្ទុះអាវុធ មានរយៈពេលត្រឹម ៥នាទីប៉ុណ្ណោះ ប៉ុន្តែយ៉ាងណាមិនមានសេចក្តីរាយការណ៍អំពី កងកម្លាំងថៃណាម្នាក់ ស្លាប់ឡើយ។

ការបាញ់គ្នានេះ កើតឡើងស្របពេលម្ខាងទៀតនៃព្រំដែន គឺភាគខាងត្បូង កើតមានការវាយប្រហារបណ្តាក់គ្នាជាង ៥០លើក ពីសំណាក់ក្រុមផ្តាច់ខ្លួន បង្កភាពចលាចលក្នុងខេត្ត Narathiwat, Yala និង Pattani។

យោងតាមទិន្នន័យពីរដ្ឋាភិបាលទីក្រុងបាងកក, ត្រឹម ២យប់ប៉ុណ្ណោះ ខេត្ត Narathiwat ផ្ទុះការវាយប្រហារ ២២លើក, Yala ១៨លើក និង Pattani ១១លើក។

ទាំងនោះ សុទ្ធសឹងជាការវាយប្រហារធ្ងន់ធ្ងរ មានទាំងបំផ្ទុះគ្រាប់បែក បាញ់រះ និងប្លន់ប្រដាប់អាវុធ ហើយមិនត្រឹមប៉ុណ្ណឹង ក្រុមផ្តាច់ខ្លួនក៏បានដុតបំផ្លាញអគាររដ្ឋបាលមូលដ្ឋាន, ដុតបំផ្លាញបង្គោលភ្លើង និងអង់តែនទូរគមនាគមន៍ ព្រមទាំងដុតកង់ឡាននៅលើផ្លូវ ផងដែរ៕ដោយ៖តារា

រូបភាព៖( Amarin TV)


ចែករំលែក៖